ថៃ៖ កាលពីរាត្រីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមសង្គ្រោះបានរកឃើញក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកម្នាក់ដោយពួកគេនៅមានជីវិតនៅឡើយ បន្ទាប់ពីបានបាត់ខ្លួនរយៈពេល ៩ថ្ងៃ នៅក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ហើយចំពោះការបាត់ខ្លួនរបស់ពួកគេ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់បណ្ដាប្រទេសនានានៅលើសកលលោក ដោយក្នុងនោះ សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏បានខ្នះខ្នែងបញ្ជូនកម្លាំងមកស្វែងរកផងដែរ ។

សម្រាប់ព័ត៌មានដ៏ល្អនេះ ក៏បានការសាទរយ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើន ដែលបានចូលរួមត្រេតអរដល់ក្មេងរងគ្រោះ ព្រមទាំងគ្រួសាររបស់ពួកគេផងដែរ ខណៈដែលស្ទើរតែអស់សង្ឃឹមថានឹងរកឃើញវិញ ។

សូមបញ្ជាក់ថា បន្ទាប់ពីបានរកឃើញក្រុមក្មេងទាំងនោះ ក្រុមសង្គ្រោះបានពិនិត្យសុខភាពបឋមជូនពួកគេ មុននឹងយកចេញមកខាងក្រៅ ខណៈដែលស្ថានភាពរបស់ពួកគេស្ថិតនៅក្នុងភាពហេវហត់អស់កម្លាំង ។

ខាងក្រោមនេះ គឺជាវីដេអូដំបូង ដែលថតដោយក្រុមអ្នកសង្គ្រោះ ក្រោយពេលបានជួបនឹងក្មេងៗ កំពុងអង្គុយអសង្ឃឹមនៅក្នុងរូងភ្នំ ៕
សហការី KBN