ខេត្តឈាងរ៉ៃ៖ ក្រុមអ្នកមុជទឹក នៃកងកភាពឆ្មាទឹកថៃនៅក្នុងរូងភ្នំលិចទឹកថាំហ្លួង កាលពីរសៀលថ្ងៃចន្ទ បានបង្កើតការរីកចម្រើនគួរឲ្យកត់សំគាល់ ព្រោះនៅសល់ត្រឹម៥០០ម៉ែត្រទៀត នឹងទៅដល់លំហរូងដែលមានដំបូកផ្ទាំងថ្មខ្ពស់ ដែលអ្នករូងភ្នំឲ្យឈ្មោះថា ឆ្នេរខ្សាច់ប៉ាតាយ៉ាហើយ ដែលទីនោះហើយអាចផ្តល់ជាជម្រកមួយសម្រាប់ក្មេងទាំ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលបានជាប់នៅក្នុងរូងភ្នំនោះអស់រយៈពេល៩យប់១០ថ្ងៃមកហើយ នៅពេលដែលភ្លៀងធ្លាក់ធ្ងន់ធ្ងរបានជន់លិចបិទផ្លូវចេញពីរូងភ្នំនោះ។


ការរីកចម្រើននេះ ត្រូវបានយឺតយ៉ាវវិញ ខណៈដែលក្រុមអ្នកមុជទឹកត្រូវការពង្រីកទីដែលចង្អៀតប្រវែង១០០ម៉ែត្រ ដែលបត់បែនខ្លាំង ធ្វើឲ្យពួកគេមិនអាចឆ្លងកាត់បានដោយគ្មានធុងសីឡាំងអុកស៊ីសែន ក្លាយជាការស្ទះ។
អភិបាលខេត្តឈាងរ៉ៃ លោក Narongsak Osotthanakorn មុននេះ បាននិយាយថា ក្រុមសង្គ្រោះអាចចូលទៅដល់ផ្លូវបំបែក៣ផ្លូវ ហើយពេលនេះជាកំណាត់ផ្លូវពិបាកបំផុតនៃរូងក្រោមដីដ៏ងងិតសូន្យសុងនោះ។
លោកអភិបាលខេត្ត បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទថា៖ «កងឯកភាពឆ្មាទឹកពីយប់មិញ បានទៅដល់ផ្លូវបំបែកជា៣រាងអក្សរ T នោះ ហើយថ្ងៃនេះ ពួកគេនឹងបុកទៅមុខទៀតនៅផ្នែកខាងឆ្វេង ប៉ុន្តែឧបសគ្គមួយ ដែលយើងបានជួបគឺរន្ធតូចណាស់ ដែលយើងត្រូវតែពង្រីក ធ្វើដូច្នោះទើបមនុស្សអាចឆ្លងកាត់បាន»។


លោក Narongsak បាននិយាយថា៖ «នេះគឺជាការយកចិត្តទុក្ដាក់ថ្ងៃនេះ។ ច្រកចូលនេះ ប្រាកដជាអាចជ្រៀតចូលបាន តែវាចង្អៀតណាស់។ ពួកគេមិនទាន់ទៅដល់ឆ្នេរខ្សាច់ប៉ាតាយ៉ានៅឡើយ»។
ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwon បាននិយាយនៅក្រុងបាងកកថា ក្រុមអ្នកសង្គ្រោះសង្ឃឹមថា នឹងទៅដល់ឆ្នេរខ្សាច់ប៉ាតាយ៉ា នៅថ្ងៃចន្ទ ប៉ុន្តែចរន្តទឹកខ្លាំងពេកនៅក្នុងច្រកចេញចូលចង្អៀតនោះ ជាឧបសគ្គធំមួយ។
កិច្ចប្រឹងប្រែងពេញបន្ទុក បានបន្តដើម្បីបូមទឹកចេញពីរូងភ្នំនោះ និងការពារទឹកថ្មីកុំឲ្យហូរចូលក្នុងរូងវិញ។


កាលពីថ្ងៃអាទិត្យ មេបញ្ជាការករុមឆ្មាទឹកថៃ បានសន្យាថា នឹងបន្តទៅមុខទៀតរហូតដល់ពួកគេរកឃើញក្មេងទាំ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់នៅក្នុងរូងភ្នំដែលជន់លិចទឹកនោះអស់រយៈពេល៩យប់ហើយ។
អគ្គបញ្ជាការសុខមាលភាពពិសេសនៃកងទ័ពជើងទឹកថៃ លោក អាផាកន យូកុងកែវ បាននិយាយថា៖«យើនឹងមិនថយក្រោយទេ។ យើងនឹងបន្តទៅមុខទៀត រហូតដល់យើងអាចរកឃើញក្មេងប្រុសទាំងនោះ»។
នៅខាលើរូងភ្នំ ក្រុមមន្ត្រី និងក្រុមអ្នកស្ម័គ្រចិត្ត កំបុងរុករករន្ធអណ្តូង ដែលអាចផ្តល់ជាផ្លូវក្រោយចូលទៅក្នុងរូងភ្នំនេះ។


អភិបាលខេត្តឈាងរ៉ៃ បាននិយាយថា៖ «យើងកំពុងរាវរក ងណ្តូងមានសក្តានុពល១១ថ្ងៃនេះ។ អណ្តូងជ្រៅបំផុត គឺ២០០ម៉ែត្រ។ បើសិនជាវាអាចចុះទៅក្រោមបាន យើងនឹងមានសំណាងហើយ»។
ក្នុងពេលជាមួយគ្នានេះ កងទ័ពជើងទឹក បានពង្រាយអ្នកមុជទឹកកងឆ្មាទឹកទៅកាន់ទីតាំងនោះទៀត ដោយធ្វើឲ្យចំនួនអ្នកមុជទឹកថៃឡើងដល់៨៤នាក់ ។


ពួកគេធ្វើការជាមយយគ្នា ជាមួយប៉ូលិសប្រមាណ២៣០នាក់ ទាហាន ៨៤០នាក់ និងអ្នកសង្គ្រ៉រាប់សិបនាក់ និងមន្ត្រីមកពីប្រទេសជាច្រើនជុំវិញពិភពលោកដើម្បីស្វែងរកទីតាំងក្មេងទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ។


ក្រុមក្មេងជំទង់ និងគ្រុបង្វឹករបស់ពួកគេ បានជាប់នៅក្នុងរូងភ្នំថាំហ្លួង ក្នុងស្រុកមេសៃ ក្នុងខេត្តឈាងរ៉ៃតាំងពីថ្ងៃទី២៣មិថុនា ហើយថ្ងៃយប់ថ្ងៃអាទិត្យ គឺជាយប់ទី៩របស់ពួកគេដែលនៅក្នុងរូងភ្នំដ៏ងងិតសូន្យសុង និងគ្មានស្បៀងអាហារ៕

ប្រភពបាងកកប៉ុស្តិ៍