ចែករំលែក

ក្រោយពីមានការបាត់ខ្លួន ក្មេងៗក្រុមកីឡាបាល់ទាត់ ១៣នាក់អស់ជាច្រើនថ្ងៃកន្លងទៅនេះ បានធ្វើឲ្យបណ្តាញសង្គម និងព័ត៌មានអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរឿងមួយនេះ ហើយរដ្ឋាភិបាលថៃ បានប្រើវិធីជាច្រើន ទាំងវិទ្យាសាស្ត្រ និង អបិយជំនឿ ដោយមានទាំងទាហាន ក្រុមបច្ចេកទេស គ្រូសីល គ្រូមន្តអាគមមកពីប្រទេសជិតខាងល្បីៗជាច្រើននាក់ផងដែរ ។

ទោះជាយ៉ាងណា នៅក្នុងរឿងរ៉ាវខាងលើនេះ មានមតិជាច្រើន បានបញ្ចេញទស្សនៈខុសៗគ្នា ហើយបើយោងទៅលើអបិយជំនឿវិញនោះ មនុស្សភាគច្រើនដែលជឿទៅលើអបិយជំនឿ បានគិតថា ក្មេងៗទាំងនោះ ត្រូវបានបរមីដែលនៅយាម ថែរក្សារូងភ្នំនោះ បិទបាំងមិនឲ្យមើលឃើញ ឬមិនឲ្យចេញពីរូងភ្នំបាន ។

ទោះជាយ៉ាងណា នៅមានរឿងជាច្រើនដែលគួរឲ្យព្រឺក្បាល នៅពេលដែលគេបានឮអ្នកស្រុកនៅទីនោះ បាននិយាយប្រាប់ថា ការបាត់ខ្លួនរបស់ក្មេងៗទាំងនោះ អាចបណ្តាលមកពីមូលហេតុ ទាក់ទងនិងផ្លូវងងឹតច្រើន ព្រោះអ្នកនៅទីនោះ ជឿថា បរមីព្រះនាងដេក ដែលនៅក្នុងរូងភ្នំថាំហ្លួងនេះ ពិតជាមានបរមីសក្តិសិទ្ធិខ្លាំងពូកែណាស់ ហើយក្មេងៗទាំងនោះ មិនបានដឹង និងបានប្រមាថទៅលើវត្ថុសក្តិសិទ្ធិដែលនៅក្នុងរូងភ្នំនោះ ហើយវាជាអាថ័ន ដែលគេបានសូត្របាលី ដើម្បីចងព្រលឹង ឬវិញ្ញាណអ្វីមួយ ។

យោងទៅលើឯកសារមួយចំនួន បានបង្ហាញពីជំនឿចាស់បុរាណ ដែលបានហាមប្រាមដល់កូនចៅ ពេលទៅដល់កន្លែងសក្តិសិទ្ធិផ្សេងៗ ជាពិសេសល្អាងភ្នំនោះ គឺតំណមដាច់ខាត នូវពាក្យពេចន៍ឬសកម្មភាពមួយចំនួនដូចជា៖

– ត្រូវសុំអនុញ្ញាតិពីវត្ថុស័ក្តិសិទ្ធិ នៅខាងមុខល្អាងជាមុនសិន មុននឹងឈានជើងចូលទៅខាងក្នុងល្អាងភ្នំ ដើម្បីសម្តែង​ឱ្យដឹងថា យើងមិនបានចូលទៅដោយគ្មានការអនុញ្ញាតិ។
– ត្រូវចូលទៅទស្សនា ឬទៅប្រកបកិច្ចការដោយក្តីគោរពជានិច្ច មិនត្រូវបង្កសម្លេងខ្លាំងៗ បង្កើតភាពរញ៉េរញ៉ៃ ស្រែកឡូឡាមិនគោរពដល់ទីកន្លែង និងម្ចាស់ទឹកដីនោះទេ។
– ហាមយកវត្ថុរឹងផ្សេងៗដូចជា ដុំថ្ម ឬកំណាត់ឈើ ទៅគូសវាសលើជញ្ជាំង ឬលើរូបសំណាក់នានា បង្កជាការខូចខាតជាដាច់ខាត។
– ហាមនិយាយផ្តេសផ្តាស ជាការប្រមាថមើលងាយដល់ម្ចាស់ទីកន្លែងជាអ្នកថែរក្សាទឹកដីនៅទីនោះ។
– ហាមកាន់ ឬនាំយករបស់របរផ្សេងៗនៅក្នុងល្អាង ឬនៅកន្លែងសក្ការបូជានោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
– ហាមបត់ជើងតូច ឬជើងធំ ដាក់ក្នុងបរិវេណល្អាងភ្នំជាដាច់ខាត។
– ហាមរត់លេងលោតកញ្ឆេងខុសរបៀប ឬធ្វើកាយវិការអសីលធម៌ណាមួយ ដែលជាការបង្ហាញថា ប្រមាថមើលងាយដល់វត្ថុស័ក្តិសិទ្ធិនៅម្តុំនោះ៕