ខេត្តកំពង់ឆ្នាំង៖ បុរសប្រមឹកម្នាក់ទិញស្រាមកផឹក និងស្រែកឡូឡា ​នៅក្នុងវត្តជារៀងរាល់ រហូតធ្វើឲ្យព្រះសង្ឃអត់ទ្រាំពុំបាន ក៏និមន្តទៅអប់រំ និងណែនាំ ស្រាប់តែគេផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញកាំបិតកាប់ប្រហារមកលើព្រះសង្ឃ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី ១៣កើត ខែបឋម​សាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងវត្តគំរាម ឃំុត្រពាំងចាន់ ស្រុកបរិបូណ៌។

មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជនសង័្សយដែលជាប់ពាក់ព័ន្ធនឹងករណីកាប់ព្រះសង្ឃ មិនគិតពីបាបបុណ្យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ កែវ គួន រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ រីឯព្រះសង្ឃរងគ្រោះ ព្រះនាម មឹុង សុគន្ធា មានតួនាទីជាព្រះចៅអធិការវត្តគំរាម ឃំុត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយតែងតែយកស្រាទៅផឹក និងស្រែកឡូឡា នៅក្នុងវត្ត ជារៀងរាល់ថ្ងៃ ដោយគេមិនគិតពីបុណ្យបាបអ្វីឡើយ។ ឃើញបែបនេះ ព្រះសង្ឃរងគ្រោះបាននិមន្តអប់រំ និងណែនាំមិនឲ្យជនសង័្សយផឹកស្រា និងស្រែកឡូឡា នៅក្នុងវត្តបន្តទៀត។ គ្រាន់តែឮពាក្យព្រះសង្ឃស្ដីប្រដៅបែបនេះ ស្រាប់តែជនសង័្សយបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើព្រះសង្ឃ បណ្ដាលឲ្យរងរបួស។

ក្រោយពេលកើតហេតុ អាចារ្យ និងគណៈកម្មការវត្តបានបញ្ជូនព្រះសង្ឃរងគ្រោះទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យបង្អែកស្រុក។ ដោយ​ឡែក​ជនសង័្សយ ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕