ក្រុងព្រះសីហនុ៖ ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ និងដែលមិនមែនជាផ្លូវជាតិលេខ៤ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដូច្នេះនៅក្នុងសុន្ទរកថាមួយ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែពហុបំណងមួយ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋា​ភិបាលជប៉ុន ជាមួយទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ មិថុនា, ថ្វីបើលោកនាយករដ្ឋមន្ត្រីពុំបានថ្លែងលម្អិតថា ពិធីបញ្ចុះបឋមសិលានៃគម្រោងនោះ នឹងធ្វើក្នុងខែណាឲ្យប្រាកដក៏ដោយ។

យោងទៅតាមគម្រោង ដែលបាននិងកំពុងសិក្សាដោយក្រុមការងារអន្តរក្រសួង ឲ្យដឹងថា ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលមានចម្ងាយផ្លូវ១៩០គឡូម៉ែត្រ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណងការខូចខាតដល់ប្រជាជន ដែលនឹងរងការប៉ះពាល់ពីគម្រោងនេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសុរិយា ធ្លាប់បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា៖ «ផ្អែកលើគម្រោង ដែលយើងសិក្សា យើងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីចាប់ផ្តើមការសាសង់ផ្លូវថ្នល់នេះ ក្នុងខែវិច្ឆិកា ដូចដែលបានរំពឹងទុក។ យើងកំពុងធ្វើការលើដំណើរការផ្តល់ប្រាក់សំណង ដល់ប្រជាពលរដ្ឋដែលប៉ះពាល់ពីគម្រោងនេះ»។
ផ្លូវយានយន្តនេះ នឹងត្រូវសាងសង់លើមូលដ្ឋានរដ្ឋផ្តល់សម្បទាន រួចផ្ទេរ ឲ្យក្រុមហ៊ុនចិន China Road and Bridge Corporation ធ្វើការសាងសង់ដើម្បីយកប្រាក់ពីអ្នកបើកបរ តាមកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលកម្ពុជាកាលពីខែមករា។

គម្រោងសាងសង់ផ្លូវលឿនគ្មានភ្លើងស្តុប និងបង់ប្រាក់នេះ នឹងត្រូវសាងសង់ក្រោមថវិកាវិនិយោគជិត ២ពាន់លានដុល្លារអាមេរិក ហើយផ្លូវនេះ នឹងលាតសន្ធឹងលើចម្ងាយជាង១៩០គ.ម. គឺខ្លីជាងផ្លូវជាតិលេខ៤បច្ចុប្បន្ន ដែលមានចម្ងាយ២៤០គ.ម.។ ផ្លូវល្បឿនលឿន នេះ នឹងមាន៤ច្រកផ្លូវ ហើយនឹងត្រូវចំណាយពេលសាងសង់ចំនួន៤ឆ្នាំ៕