ខេត្តរតនគិរី៖ ស្រ្ដីម្នាក់កំពុងតែឈរនៅមុខផ្ទះម្នាក់ឯង ស្រាប់តែចោរ២នាក់ដើរមកជិតយកកាំបិតភ្ជង់ក អូសចូលទៅក្នុងផ្ទះ ប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយនាំគ្នាគេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៦ និង១៣នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

មន្ត្រីនគរបាលក្រុងបានលុង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន ចន្ធី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ រស់នៅភូមិ​៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតគិរី។ នៅក្នុងអំពើប្លន់នេះ ជនសង័្សយបានគំរាមប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះអស់ជាច្រើន រួមមាន ខ្សែកមាស១ខ្សែមានទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែមានទម្ងន់១តម្លឹង ចិញ្ចៀនត្រាមាស១វង់មានទម្ងន់​១​តម្លឹង និងកងដៃប្លាទីន២ឈុតមាន១៦កងមានទម្ងន់១តម្លឹង និងប្រាក់ខ្មែរចំនួន៣៥ម៉ឺនរៀល។

បើតាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ដើរនៅខាងមុខផ្ទះ ស្រាប់តែលេចមុខជនសង័្សយ២នាក់ដែលពាក់ម៉ាស់បិទមុខជិត ដើរមកក្បែរគាត់ រួចហើយយកកាំបិតមកភ្ជង់កគាត់ អូសចូលទៅក្នុងផ្ទះ គំរាមប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន។ បន្ទាប់​ពីប្លន់បានហើយ ពួកចោរបានរត់ចេញតាមទ្វារក្រោយ គេចខ្លួនបាត់អស់ ទើបគាត់រាយការណ៍សមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍។

ក្រោយពេលកើតហេតុ សមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ស្រុក និងនគរបាលមូលដ្ឋានបានចុះមកកាន់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន និងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសនាំមកផ្ដន្ទាទោសតាមច្បាប់៕