ភ្នំពេញ៖ បុរសជាកម្មករលើកគ្រឿងសំណង់​ ផឹកស្រាស្រវឹង​ វាយ​ប្រពន្ធកូន​ រងរបួសធ្ងន់​ម្តាយកូន ២នាក់​ បង្កឱ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃទី​ ២៤ ខែមិថុនា​ ឆ្នាំ២០១៨​ នៅផ្ទះជួល​ ភូមិ​ ព្រៃព្រីងខាងជើង​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះមានឈ្មោះ សោម​ សុភាព​ ភេទស្រី អាយុ ២៤ឆ្នាំ មុខ​របរ​នៅផ្ទះ ​ស្នាក់នៅផ្ទះជួល​​ភូមិព្រៃព្រីង​ខាងជើង១ សង្កាត់​ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ ​​មានស្រុក​កំណើតនៅ​ ភូមិឡាំងកូ ​សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ​ ។ ចំណែកជនបង្កជាប្តីឈ្មោះ​ ហូ​ ចែមផូ​ អាយុ២ ៦ឆ្នាំ​ មុខរបរ​កម្មករ​លើកគ្រឿងសំណង់​ ស្នាក់នៅជាមួយប្រពន្ធ មាន​ស្រុកកំណើតនៅ​ខេត្ត​តាកែវ​ ។

តាមប្រភពព័ត៍មានពីនារីរងគ្រោះ​ បាននិយាយប្រាប់ថា​ នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិ ពេល​មកដល់ផ្ទះ​បានទៅផឹកស៊ីជាមួយអ្នកជិតខាង​ម្តងទៀត​ កាន់តែស្រវឹង​ខ្លាំង​ ។

លុះមកដល់ផ្ទះ​ បានបំផ្លិចបំផ្លាញរបស់របរនៅក្នុងផ្ទះ​ ដូចជា​ឆ្នាំងដាំបាយ ​ចាន ឆ្នាំង​ បានបោកកំទេច​ចោល​ ធ្វើឱ្យគាត់ជាប្រពន្ធ​ខឹងប្តីរបស់ខ្លួនដែរ​ តែមិនហ៊ាន​ដោយសារតែប្តីស្រវឹង ឱ្យប្តីចូលដេក​ ពេលចូលដេកបានបន្តិច​ បានចេញទៅ​ក្រៅ​ ឈ្លោះ​ជាមួយ​អ្នកក្បែរខាង​ ហើយបានឡើង​មកម្តងទៀត​ ស្រាប់តែប្តីយកខ្សែភ្លើង​ ដែលបត់ជាច្រើន​ កំណាត់​ទៅវាយប្រពន្ធ​ ដែលកំពុងដេក​ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ​ សន្លប់នៅក្នុងបន្ទប់ជួល​ និងបណ្តាលឱ្យវាយចំកូន​ប្រុសអាយុ​ ៤ឆ្នាំ​ បែកក្បាលឈាមស្រោចពេញខ្លួន និង ២នាក់ទៀតរបួសស្រាល។

នារីរងគ្រោះ​បានបញ្ជាក់ប្រាប់ថា​ គ្រួសាររបស់នាង​បានរៀបការ​ដោយត្រឹម​ ត្រូវ​ បានរយៈពេល​ជាង ៨ឆ្នាំមកហើយ​ បានកូន​ចំនួន ៣នាក់​ ស្រី២ប្រុសម្នាក់ កូនបងស្រី​ អាយុ ៨ឆ្នាំ​ និងកូនពៅអាយុ​ ៣ឆ្នាំ​ កូនបន្ទាប់ជាកូនប្រុសអាយុ ៤ឆ្នាំ​ ហើយ​ប្តី​នាងតែង​ធ្វើបាប​រូបនាង​ រងរបួសធ្ងន់​ ៣លើកមកហើយ​ តែមិនដែលប្តឹង​សមត្ថកិច្ចឡើយ​ ទើប​តែថ្ងៃនឹង​ទើបដាច់ចិត្តប្តឹង។
ក្រោយពេលកើតហេតុ​ ជនរងគ្រោះ​ជាប្រពន្ធបានដាក់ពាក្យបណ្តឹង​ ឱ្យសមត្ថកិច្ច​ឃាត់ជនបង្កហេតុ​ មកសាកសួរ​នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បី​ចាត់ការតាមនីតិវិធី ៕