ភ្នំពេញ៖ ចាប់តាំងពីថ្ងៃសោយទិវង្គត់របស់អ្នកម្នាង អ៊ុក ផល្លា រហូតមកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដែលត្រូវជាថ្ងៃបុណ្យគម្រប់៧ថ្ងៃ របស់អ្នកម្នាង សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទើបតែបានជ្រាបថា អ្នកម្នាង បានសោយទិវង្គត់ ខណៈដែលដំណឹងនេះ ត្រូវបានព្យាយាមលាក់បាំងពីសំណាក់មន្ត្រីគណៈបក្សហ្វ៊ុនស៊ីនប៉ិច ។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ កើតក្ដីសោកសង្រេងយ៉ាងខ្លាំង ដោយនឹកស្រណោះ អាណិតអ្នកម្នាង ។ ជាមួយគ្នានេះដែរ ចំពោះស្ថានភាពរបួសរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានប្រសើរឡើងហើយ និងត្រៀមយាងមកកាន់មាតុប្រទេសវិញនាពេលឆាប់ៗនេះ ។

សូមបញ្ជាក់ថា នាថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ.ស. ២០១៨ នេះ ជាថ្ងៃបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ របស់វិញ្ញាណខណ្ឌ អ្នកម្នាង អ៊ុក ផល្លារណឬទ្ធិ ដោយ ពិធីបុណ្យនេះប្រព្រឹត្តទៅនៅវត្តបទុមវតី រាជវរារាម ៕