ភ្នំពេញ៖ អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីសក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុនOPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ភោធនាថ្ងៃទី១៩មិថុនានេះ។ ម៉ូដែលថ្មីរបស់OPPOមួយនេះ វាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈGradient​ Design (ប្រដេញពណ៌)​ ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់នៅក្នុងទូរស័ព្ទតែម្តង។

កាមេរ៉ាសម្រាប់ថតស៊ែលហ្វីដែលមានឈ្មោះថា “Stealth 3D” នឹងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ២៥មេហ្គាភិចស៊ែល។ ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន២គ្រាប់ មាទំហំ២០មេហ្គាភិចស៊ែលនិង១៦ មេហ្គាភិចសែល។​ អេក្រង់របស់វាក៏មិន​ចាញ់ស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ៦,៤ អ៊ីញ។​ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ៩៣,៨%​ នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ។​

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បាន​យ៉ាង​រហ័ស​បំផុត ដោយ​មិនប្រកាន់​ថាពន្លឺតិចឬខ្លាំងទេ។​ កម្មវិធីនេះធ្លាប់ត្រូវបានគេនិយាយថាអាចរក្សាសុវត្ថិភាពបានយ៉ាងល្អជាមួយហ្នឹង OPPO​ R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ។​

បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមដែលមានទំហំ ៨ GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ​២៥៦ GB ហើយក៏មានបំពាក់នូវ​ Qualcomm Snapdragon 845 processor ដែលធ្វើឲ្យវាដំណើរការលឿនជាមុន ព្រមទាំងអាចប្រើជាមួយកម្មវិធីថ្មីៗបានច្រើន។ រីឯថាមពលថ្មវិញ Find X មានកំលាំងថ្ម3730 mAh ហើយបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC។ ហើយអ្វីកាន់ដែរតែពិសេសជាងនេះទៀតនោះ Find Xក៏បានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្ត Lamborghini ហើយនឹងចេញលក់នូវម៉ូដែលFind X Lamborghini Edition ដែលមានអង្គផ្ទុកទិន្នន័យរហូតដល់៥១២GB និងបច្ចេកវិទ្យាសាកថ្មកំពូលលឿនគឺSuper VOOC ដែលមានសមត្ថភាពសាកថ្មដែលមានទំហំ3400mAh ពី០%ដល់១០០%ក្នុងរយៈពេល៣៥នាទីតែប៉ុណ្ណោះ។

OPPO Find X មាន២ គឺ ក្រហមនិងខៀវ។​តម្លៃរបស់វាគឺ ៩៩៩អ៊ឺរ៉ូ ចំណែកឯ Find X Lamborghini Edition វិញវាមានតម្លៃរហូតដល់១,៦៩៩អ៊ឺរ៉ូ បើគិតជាដុល្លាអាមេរិកជិត ២០០០ ដុល្លារ។ បន្ទាប់ពីឃើញនូវលក្ខណៈពិសេសរបស់ តើលោកអ្នកចាប់អារម្មណ៍ចង់ប្រើទេ? OPPO Find X នឹងដាក់លក់លើទីផ្សារអឺរុបនៅក្នុងខែសីហានេះហើយ។​ យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុនOPPOនឹងយកម៉ូដែលមួយនេះមកលក់ក្នុងទីផ្សារប្រទេសកម្ពុជាដែរឬយ៉ាងណា មានតែរងចាំតាមដានទាំងអស់គ្នា៕