ភ្នំពេញ ៖ កូនតុងទីនចំនួន៤នាក់ តំណាងឱ្យកូនតុងទីនសរុប៣០៥នាក់ បានកាន់រូបថតមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីស្ត្រីម្នាក់ធ្វើជាមេតុងទីន បានប្រមូលលុយរាប់លានរៀល ហើយរត់គេចខ្លួនបាត់៦ថ្ងៃហើយ រកមុខមិនឃើញ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង ឱ្យអាជ្ញាធរសង្កាត់ជួយអន្តរាគមន៍ ។

តាមស្ត្រី៣នាក់ និងបុរសម្នាក់ មានវត្តមាននៅសាលា សង្កាត់ចោមចៅ៣ បានអះអាងថា ស្ត្រីមេតុងទីន គ្រាន់គេស្គាល់ឈ្មោះ ហេង ហេង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពដដែលបន្តទៀតថា ស្ត្រីខាងលើធ្វើជាមេតុងទីន ចំនួន២ក្បាល ក្នុងមួយក្បាល២មុឺនរៀល ដោយក្បាលទី១ មានកូនអ្នកលេង១៥០នាក់ ក្បាលទី២ មានកូនអ្នកលេង ១៥៥នាក់ សរុបទាំង២ក្បាលចំនួន៣០៥នាក់ ហើយដេញប្រចាំថ្ងៃ ។

ការលេងតុងទីនខាងលើ ទើបតែលេងបាន៤ខែ ស្រាប់តែ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ បែរជាមេតុងទីន វេចលុយរត់គេចខ្លួនបាត់ ។

ក្រោយពីមេតុងទីន វេចលុយរាប់លានរៀល រត់គេចខ្លួនបាត់ បន្សល់ទុកកូនអ្នកលេងតុងទីន រងគ្រោះ ឆោឡោ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមិថុនា នេះ ជនរងគ្រោះចំនួន៤នាក់ កាន់រូបថត ដែលអះអាងថា ជាមេតុងទីន ទៅប្តឹងអាជ្ញាធរសង្កាត់ ឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវតាមស្វែងរក មេតុងទីខាងលើមកដោះស្រាយ ៕