ភ្នំពេញ៖ គូស្នេហ៍ស្រស់សោភាមួយគូ​ ជិះម៉ូតូមួយគឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកគូទរថយន្តមួយគ្រឿង​ បណ្តាលឱ្យរងការខូចខាត ​ដោយដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរស បានជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារ ឱ្យសងសំណងជំនួស ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងនិងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទាក់ទងជាមួយព័ត៌មាននេះដែរ មានអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់ទៅលើបុរសជាសង្សារ មិនគួរធ្វើយ៉ាងនេះ ចំពោះមិត្តស្រីរបស់ខ្លួន ដែលនាងជាស្រី ហើយពេលជួបបញ្ហាបែជារត់ចោលនាងបាត់ ។

បន្ទាប់ពីមានការិះគន់ ពេលនេះបុរសខាងលើ ដែលជាអ្នកបើកម៉ូតូបុកគូទរថយន្តគេ ហើយគេចខ្លួនចោលមិត្តស្រីនោះ បានចេញសារប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានបកស្រាយផងដែរ ។ បុរសដែលប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Soksan Kim រូបនេះបានសរសេរយ៉ាងដូច្នេះថា «តបសារម៉ាព្រឹក រឿងបុករត់ ទុកអូនចោល។ មើលមួយយប់ សើចនឹងចំណងជើងលោកអ្នកកាសែត។ បើចង់រត់ចោល រត់តាំងពីអ្នកកាសែតមិនទាន់មក មិនមែននៅចចារសំណងទេ។ ទទួលថាយើងចេញពីកន្លែងកើតហេតុ គឺព្រោះមិនចង់មានមុខ នៅក្នុងកាសែត តែនៅតែមាន ហើយខ្លាំងជាងមិននៅទៀត។

និយាយថាខ្ញុំខុសក៏បាន ដែលទៅបុកគេពីក្រោយ ហើយម្ចាស់រថយន្ត ចុះមកហើយទារអោយខ្ញុំសង ហើយខ្ញុំនិយាយសំរួលគ្នា ទៅម្ចាស់ឡានទារ 60$ ខ្ញុំក៏តអោយ 30$ តែមិនព្រម រហូតដល់ខ្ញុំ ព្រម 60$ ស្រាប់តែទារខ្ញុំ 100$ (នៅពេលអ្នកកាសែតមក) ឃើញអ៊ីចឹងខ្ញុំក៏ជិះចេញ ដោយអោយសង្សារខ្ញុំនៅទីនោះនិយាយ។ ដល់ពេលខ្ញុំមិននៅ ម្ចាស់ឡានបែរព្រមទទួលសំណង 50$ (មិនដឹងមានហេតុការណ៍អីបន្ទាប់ទេ)។ តែនិយាយក្នុង Tvfb ឡើងឡូយ បើគាត់នៅ និយាយ 40$ ក៏យកដែរ សើចមួយយប់។

បន្ទាប់ពីសងលុយគេហើយ ខ្ញុំជិះជូនគាត់ទៅផ្ទះវិញ ដោយមិនបានរត់ចោល។ ចប់ ចំនងជើងចាក់ដោតមែន សំខាន់ តែតែ ស្ករស្ករ សុទ្ធតែឯងថោក ខូច brand Ducati ម៉ូតូខ្ចីគេ សួរថា ជិះម៉ូតូនឹងម៉ែទិញអោយ ឬទិញខ្លួនឯង នុង? ជិះម៉ូតូ Ducati អស់ប៉ុន្មានគឿងហើយ ឬទើបតែសុំម៉ែបានជិះ? មុនថាអោយគេ មើលរក profile គេផងស្រួល tag អោយគេ» ។

សូមបញ្ជាក់ថា តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត​មួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-6084 ​ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបម្រុងបត់ឆ្វេង ទៅផ្លូវហាណូយ ខណៈពេលនោះស្រាប់តែ មានម៉ូតូមួយ​គ្រឿង​ទៀត​ម៉ាក​ ឌូគកាទីក​​ ពណ៌ក្រហម​ គ្មានស្លាកលេខ​ ជិះ២នាក់សង្សារ បើកមកពីក្រោយរថយន្ត​​ ក្នុងល្បឿនយ៉ាងលឿន​ រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាង​លើ ​ចំ​ពី​ក្រោយ​ចំហៀង​ ខាង​ឆ្វេង​ពេញ​ទំហឹង ​បណ្តាលឱ្យ​ក្រពឹត​កាង ​និង​បែក​ស្តុប​ តែ​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

បន្ទាប់​មក​ភាគី​ទាំង​ពីរ បានចរចាគ្នា ដោយ​ភាគី​ខាង​រថយន្ត​ បាន​ទាមទារ​សំណង​ចំនួន ​១០០ដុល្លារ​ពី​ភាគី​ខាង​ម៉ូតូ​ តែភាគីខាង​ម៉ូតូ ព្រមសងតែ៥០ដុល្លារ​នោះទេ។ ធ្វើឱ្យការដោះស្រាយ​មិនត្រូវគ្នា​ ​​មួយសន្ទុះក្រោយមក បុរសដែល​ជាអ្នក​បើកបរ​ម៉ូតូ​ បានសុំសងសំ​ណង​ទៅ ភាគី​ខាង​រថយន្ត​ចំនួន​៦០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ ​​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួល​យក ក្នុងតម្លៃ៦០ដុល្លា​រ​នោះទេ​។ ភ្លាម​នោះ​បុរស ​ជាអ្នកបើក​ម៉ូតូ​ បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកនារីម្នាក់ ដែលជាសង្សារនៅ​និងកន្លែងកើតហេតុ។

ក្រោយ​ពេល​កើត​ហេតុ ​នារីដែលជាសង្សារនិងបុរសជា​អ្នកបើក​ម៉ូតូខាងលើ​ បម្រុងនិងជិះម៉ូតូ​ឌុប ​ចេញ​ពី​កន្លែង​កើត​ហេតុ​ ​ត្រូវ​បានអ្នកបើក​រថយន្ត ឃាត់​មិនឱ្យទៅ​ ក៏បង្កឱ្យមានការឈ្លោះប្រកែកគ្នា​ តឹងសរសៃ.ក​។ បន្តិចក្រោយ​មក ​នារីរងគ្រោះ បានព្រមចេញសំណងចំនួន ៥០ដុល្លារ ឱ្យទៅ​ភាគីខាងរថយន្ត​ ហើយ​​​ភាគី​ខាង​រថយន្ត​ មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ ​ក៏​ព្រម​ទទួល​យក​ដើម្បីបញ្ចប់រឿង នៅនិងកន្លែងកើតហេតុ៕​