ហួសចិត្ត! ឡានរលត់កណ្តាលផ្លូវ ប៉ូលីសចរាចរណ៍នៅផ្សារច្បារអំពៅ ជួយសម្រួលចរាចរ ថែមទាំងជួយរុញឡាន ប៉ុន្តែបែរជាម្ចាស់ឡានមានគ្នាដល់ទៅ២នាក់អង្គុយធ្វើព្រងើយ
June 21, 2018 1:55 pm

កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសប៊ូកមួយ ឈ្មោះ Gold Rose បានបង្ហោះរូបភាពដ៏ហួសចិត្តមួយ ដោយបង្ហាញនូវសកម្មភាព ប៉ូលិសចរាចរណ៍ម្នាក់ ដែលឈរជើងនៅផ្សារច្បារអំពៅ បានជួយរុញឡានមួយគ្រឿង ដែលបានរលត់នៅកណ្តាលផ្លូវ ទាំងកណ្តាលថ្ងៃក្តៅ ។ អ្វីដែលធ្វើឲ្យគេហួសចិត្តនោះ គឺមនុស្សដល់ទៅ២នាក់ អង្គុយនៅក្នុងឡានធ្វើព្រងើយ ខណៈពេលដែលឃើញលោកពូប៉ូលិស តែម្នាក់ឯងរុញឡានរបស់ខ្លួន នៅនិងមុខ បែរជាគ្មានចិត្តអ្វីបន្តិចទាល់តែសោះ។

ម្ចាស់ហ្វេសប៊ូកខាងលើ ក៏បានសរសេររៀបរាប់ផងដែរថា “រថយន្តនេះរលត់កណ្ដាល ផ្លូវជាតិលេខ១ មុខផ្សារច្បារអំពៅ លោកប៉ូលិសរូបនេះ ដៃម្ខាងធ្វើចរាចរណ៍ ដៃម្ខាងជួយរុញឡាន តែអ្វីដែលហួសចិត្ត គឺនៅក្នុងឡាននេះ មានយុវជនដល់ទៅ២នាក់ អង្គុយធ្វើងើយទុកអោយគាត់រុញឡានខ្លួនឯង ទាំងត្រដាបត្រដួស ម្ចាស់ឡាននេះពិតជាមានមាយាទល្អមែន”។

ទោះជាយ៉ាងណា ទិដ្ឋភាពខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក បានធ្វើការកោតសរសើរ នូវទឹកចិត្តរបស់ប៉ូលិសចរាចរណ៍ ដែលនៅក្នុងរូបភាពនោះ ហើយក៏ជាគំរូដ៏ល្អ សម្រាប់ប៉ូលិសដទៃទៀតមើល និងយកតម្រាប់តាម ហើយក៏មានអ្នករិះគន់ ចំពោះម្ចាស់ឡាន ដែលឡានរបស់ខ្លួនឯងសោះ បែរជាអង្គុយធ្វើព្រងើយ ទុកឲ្យប៉ូលិសរុញតែម្នាក់ឯង យ៉ាងហោចណាស់ អ្នកបើកបរគួរតែបើកទ្វារចុះមកជួយ ដោយដៃម្ខាងអាចកាន់ចង្កូត ដៃម្ខាងកាន់ទ្វារ ធ្វើយ៉ាងនេះអាចជួយរុញគ្នាបានហើយ ៕