យោងតាមកាសែត The Mirror បានចុះផ្សាយហេតុការណ៍ ចម្លែកមួយ បានកើតឡើងកណ្តាលពិធីបុណ្យសព របស់លោក Jan Ramon Alfonso Penayo អាយុ២០ឆ្នាំ ។ ដោយសារតែកូនប្រុស បានបាត់ខ្លួនពីផ្ទះអស់រយៈពេល ជាច្រើនថ្ងៃមិនឃើញត្រលប់មកផ្ទះវិញ។

ដោយសារតែបាត់រកមិនឃើញដូច្នេះហើយ ខាងក្រុមគ្រួសារក៏សម្រេចចិត្ត រៀបចំពិធីបុណ្យសព ឲ្យកូនប្រុសតែម្តងទៅ ព្រោះតែបានគិតថា កូនប្រុសរបស់គាត់ត្រូវបានគេធ្វើឃាត ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយពីប៉ូលិសបានប្រទះឃើញសាកសព បុរសម្នាក់ត្រូវបានគេដុតឆេះខ្លោច មើលពុំស្គាល់ ហើយត្រូវបានក្រុមគ្រួសារលោក Penayo បានសន្និដ្ឋានថា គឺជាកូនប្រុសរបស់ពួកគេតែម្តង ហើយក៏បានយកសពនោះ មកធ្វើពិធីបុណ្យ តាមទំនៀមទំលាប់ប្រពៃណី ។

ទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យអ្នកភូមិ និងក្រុមគ្រួសារភ្ញាក់ខ្លួនព្រើត ក្រោយពីឃើញលោក Penayo បានដើរត្រឡប់មកផ្ទះវិញ ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ខណៈពេលដែលក្រុមគ្រួសារ និងអ្នកភូមិកំពុងតែរៀបចំពិធីបុណ្យសព យ៉ាងគគ្រឹកគគ្រេង។

បន្ទាប់ពីដើរត្រលប់មកផ្ទះវិញ ធ្វើឲ្យអ្នកស្រុកនិងក្រុមគ្រួសារ ភ្ញាក់ផ្អើលរួចមក បុរសខាងលើនេះ មិនបានប្រាប់ពីមូលហេតុដែលបាត់ខ្លួននោះឡើយ គឺធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។

ចំណែកប៉ូលិសបានធ្វើការស៊ើបអង្កេត និងសន្និដ្ឋានខុសមនុស្ស បានធ្វើឲ្យក្រុមគ្រួសាររបស់ លោក Penayo យល់ខុសស្មានតែជាសពរបស់កូនប្រុសខ្លួនឯង ។ ក្រោយពីរឿងនេះ បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ូករួចមក មានមនុស្សជាច្រើន បាននាំគ្នាស៊ែរតៗគ្នា ដោយអ្នកខ្លះបានសរសេររិះគន់ ទៅលើការធ្វេសប្រហែស របស់សមត្ថកិច្ចប៉ូលិស និងក្រុមគ្រួសាររបស់លោក Penayo ផងដែរ ៕