នៅថ្ងៃទី២០ខែ មិថុនា ឆ្នាំ២០១៨៖ សាខាក្រុមហ៊ុនថៃសាមសុងអាឡិកត្រូនិក បានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយអាជ្ញាធរអប្សរានៅការិយាល័យក្រុមហ៊ុនសាមសុងក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីប្រគល់ថវិកា ចំនួន២៤៧,០៨០,០០០លានរៀល (ប្រមាណ ៦១,៧៧០ ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” ស៊េរី២០១៦ ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ ១០,០០០ រៀលរាល់ការលក់ផលិតផល ១គ្រឿង ។ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី២០១៦ ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។

រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផល Samsung Galaxy “J” ស៊េរី២០១៦ បានលក់សំរេចអស់ពីលើទីផ្សារប្រទេសកម្ពុជាហើយ ទើបយើងសំរេចចិត្តជ្រើសរើសយកពេលវេលានេះដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy “J” ស៊េរី២០១៦ នេះ ។

មូលនិធិនេះនឹងប្រគល់ជូនទៅអាជ្ញាធរអប្សរាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀតតាមទិសដៅការងាររបស់អាជ្ញាធរអប្សារា ។នេះបើតាមប្រសាសន៏របស់លោក Seungho Choiអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។

លោកបានបន្តថា រូបភាពអង្គវត្តដែលបានបង្ហាញនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” ស៊េរី (J3 J5 និង J7)គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្សនិងថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អមួយនេះផងដែរ ។

ចំណែក ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា តាងនាមឲ្យអាជ្ញាធរអប្សរាជាតិខ្ងុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុងដែលបានបង្កើតគម្រោងនេះឡើង ។ យើងរីករាយក្នុងការទទួលយកមូលនិធិនេះ នឹងប្រើប្រាស់មូលនិធិនេះសំរាប់កិច្ចការងារក៏ប្រសើរក្នុងការថែទាំប្រាង្គប្រាសាទរបស់យើងឲបានល្អប្រសើរ។ខ្ញុំមានការរីករាយណាស់ដែលក្រុមហ៊ុនសាមសុង ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ បានសំរេចចិត្តបង្កើតកម្មវិធីល្អៗដើម្បីសង្គមកម្ពុជា ហើយខ្ញុំក៏សុំអំពាវនាវដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀតបន្តនូវកម្មវិធីនេះ ឬកម្មវិធីសង្គមផ្សេងៗជាបន្តទៀតដើម្បី អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។
ក្រៅពីសកម្មភាពសង្គម ខាងលើនេះក្រុមហ៊ុនសាមសុង ក៏បានចូលរួចក្នុងការជួយសង្គមជាតិមានដូចជាការបរិច្ចាកឈាម, យុទ្ធការចែកមួកសុវត្ថិភាព,Love & Care និងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផងដែរ ៕