ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋម បានឱ្យដឹងថា ជនជាតិចិនមួយក្រុមមានបក្ខពួក១០នាក់ បានព្រួតគ្នាវាយមកលើ ជនជាតិចិនដូចគ្នា ដែលមានគ្នា២នាក់ បង្កឱ្យមានភាពអនាធិបតេយ្យពេញដងផ្លូវ នៅចំណុច ញូហ្គោលដេន វេលស៍ កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ។ ក្រោយបក្ខពួកជនសង្ស័យ ចាប់ជនរងគ្រោះទាំង២ វាយធ្វើបាប រួចហើយចាប់ដាក់ក្នុងរថយន្ត ធ្វើទារុណកម្ម រហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង កាលពីម៉ោង១រសៀល ថ្ងៃ១៩ មិថុនា ឆ្នាំ២០១៨នេះ ។

ជាមួយគ្នានេះ ក្រោមការបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជួន ណារិន្ទ ក៏បានបញ្ជូនកម្លាំង ទៅបង្ក្រាបបានភ្លាមៗផងដែរ ដោយចាប់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ដោយឡែកជនរងគ្រោះចំនួន២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីនេះប៉ូលិសអះអាងថា ជនបរទេសរូបណា ដែលគោរពច្បាប់ អជ្ញាធរ និងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណា ទោះជាជនជាតិអ្វីក៏ដោយ ដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ ៕