បរទេស៖ បន្ទាប់ពីមានជំនួបកំពូល រវាងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកគីម ជុងអ៊ុន ( Kim Jong-Un មេដឹក នៃសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះមក មន្រ្ដីយោធាជាន់ខ្ពស់ នៃប្រទេសកូរ៉េទាំង កាលពីថ្ងៃទី១៤ ខែមិថុនា ម្សិលមិញនេះ បានរៀបចំជំនួបកំពូលមួយដែលមិនធ្លាប់ ដើម្បីពិភាក្សាលុបបំបាត់ពីសភាពការណ៍តានតឹង និងការប្រឈមមុខដាក់គ្នា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឲ្យដឹងថា កិច្ចពិភាក្សានេះបានរៀបចំឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមិថុនា នៅក្នុងភូមិ Panmunjom ស្ថិតក្នុងទឹកដី នៃប្រទេសកូរ៉េខាងជើង។ នេះជាកិច្ចពិភាក្សាលើកទីមួយ រវាងប្រទេសកូរ៉េទាំងពីរ ក្រោយពេលជំនួបលើកចុងក្រោយ នាខែធ្នូ ឆ្នាំ២០០៧។

នៅក្នុងកិច្ចពិភាក្សា រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនោះ គឺគណៈប្រតិភូរបស់កូរ៉េខាងត្បូង ដឹកនាំដោយលោកឧត្តមសេនីយ៍ Kim Do Gyun។ ដោយឡែកកូរ៉េខាងជើង ដឹកនាំដោយលោកឧត្តមសេនីយ៍ An Ik San និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់៤រូបផ្សេងទៀត។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាលើវិធីសាស្ត្រ នៅក្នុងការអនុវត្តតាមសេចក្តីប្រកាសរួមដែលទទួលបាន នៅក្នុងអំឡុងជំនួបកំពូល រវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក មូន ជេអុីន ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយអំពាវនាវឲ្យបញ្ចប់នូវការប្រឈមមុខដាក់គ្នាខាងយោធា។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំង២​បាន​ផ្តោត​ទៅលើការបង្កើននូវបណ្តាញទំនាក់ទំនងយោធា ក៏ដូចជាការជំរុញឲ្យមានកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឲ្យស្ថានភាពកាន់​តែប្រសើរឡើង។

កិច្ចពិភាក្សារបស់មន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េជាបងប្អូនដែលជាគូសត្រូវនឹងគ្នាទាំង២នេះ គឺធ្វើឡើង ក្រោយពេលជំនួប រវាងលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំ នៃប្រទេសកូរ៉េខាងជើង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងជំនួបកំពូលនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្យាថា លោកនឹងកាត់បន្ថយ ឬផ្អាកសកម្ម ភាព ធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដើម្បីបញ្ចប់នូវភាពតានតឹងជាមួយនឹងកូរ៉េខាងជើង។

ដោយឡែកប្រទេសជប៉ុនវិញ ក្រោយពេលប្រធានាធិបតីអាមេរិកបានសម្រេចបញ្ឈប់សកម្មភាពធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែប្រទេសជប៉ុនមិនទាន់ទុកចិត្តលើកូរ៉េខាងជើងនៅឡើយ។ កន្លងមក ប្រទេសកូរ៉េខាងជើងបានស្នើឲ្យមានកិច្ចពិភាក្សាជាន់ខ្ពស់ រវាងលោក គីម ជុងអ៊ុន និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រី ក្រោយជំនួបជាមួយអាមេរិក។

បើយោងតាមសារព័ត៌មានក្យូដូរបស់ជប៉ុន បានចេញផ្សាយនៅពេលថ្មីៗនេះថា លោក អុីត ស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) រដ្ឋមន្រ្តីការពារជាតិជប៉ុន បានសម្តែងពីការព្រួយបារម្ភអំពីចេតនារបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូង។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា «សមយុទ្ធយោធា រវាងអាមេរិក-កូរ៉េខាងត្បូង និងវត្តមានកងទ័ពអាមេរិក នៅ​លើទឹកដី នៃប្រទេសកូរ៉េខាងត្បូង គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ នៅក្នុងតំបន់អាស៊ីខាងកើត និងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ រីឯគោលដៅដ៏សំខាន់របស់យើង គឺយើងចង់ស្នើឲ្យកូរ៉េខាងជើង ផ្លាស់ប្តូរគោលនយោបាយ ដែលអាចមើលឃើញជាក់ស្តែង»។ ប្រទេសជប៉ុននឹងនៅតែបន្តរក្សាការដាក់សម្ពាធទៅលើកូរ៉េខាងជើង។

ដោយឡែកលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បានថ្លែងក្នុងសន្និសីទសារព័ត៌មាន និងបានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News នៅក្រោយការបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរីនោះថា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ដូច្នេះ យើងនឹងអាចជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន ហើយនៅទីបំផុតនោះកងទ័ពអាមេរិក នៅកូរ៉េខាងត្បូងនឹងអាចត្រូវដកឲ្យត្រឡប់ទៅប្រទេសកំណើតវិញ។

បើតាមអ្នកវិភាគពីស្ថានការណ៍ជុំវិញពិភពលោក បានឲ្យដឹងថា វត្តមានយោធារបស់អាមេរិក នៅលើទឹកដី នៃប្រទេសកូរ៉េខាងត្បូង មិនមែនសម្រាប់ត្រៀមទប់ទល់ជាមួយនឹងកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកក៏នឹងទប់ទល់នឹងមហាយក្សចិន ដែលកំពុងបង្កើននូវឥទ្ធិពលដ៏ខ្លាំងក្លាទៅលើប្រទេសជាសម្ពន្ធមិត្តរបស់អាមេរិកទាំងពីរនេះផងដែរ៕