ចែករំលែក

ភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះក្នុងល្បឿនលឿន មកដល់ពាក់កណ្តាលផ្លូវ ទាក់ដៃចង្កូតម៉ូតូនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលដួលបោកទៅនឹងថ្នល់ បាក់ភ្លៅនឹង បែកថ្លើមស្លាប់​ចោលប្រពន្ធនៅផ្ទះមានផ្ទៃពោះ​ ៣ខែ ​ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ​ថ្ងៃទី១៥ ខែមិថុនា នៅចំនុចផ្លូវម៉ៅសេទុង កែងនឹងមហាវិថីសហព័ន្ធរុស្សី ទល់មុខនឹងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

សពជនរងគ្រោះឈ្មោះ វេង វិចិត្រ អាយុ ២៣ឆ្នាំ ជាបុគ្គលិកចាក់សាំ​ង នៅស្ថានីយ៍ សូគីម៉ិច មុខផ្សារឃ្លាំងរំសេវ ស្នាក់នៅជាមួយបងថ្លៃនៅម្តុំផ្សារដីហុយ មានស្រុកកំណើតនៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​មានប្រពន្ធនៅខេត្តកំពង់ស្ពឺ ​ទើបពពោះកូនដំបូង​​បាន ៣ខែប៉ុណ្ណោះ ។

ប្រភពពីសន្តិសុខយាមនៅមុខអគ្គនាយកដ្ឋានពន្ធដារ ដែលបានឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺគេឃើញយុវជនខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ​ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2GF-9464 ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែម៉ូតូនោះ បានទាក់ដៃចង្កូតនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបរដួលបោកក្បាលនឹងថ្នល់ បែកទ្រូងនឹង បាក់ភ្លៅ សល់តែដង្ហើមចង្រិត ។ ចំណែកម៉ូតូដួលអូសជាង៥០ម៉ែត្រ ភ្លាមៗនោះរថយន្តសង្គ្រោះខាងគ្លីនិកឯកជនមកដល់បម្រុងដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ​តែដោយសារ​របួសធ្ងន់ធ្ងរពេកដល់ពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ហៅសាច់ញាតិ មកទទួល ដឹកយកទៅធ្វើបុណ្យនៅស្រុកខាងប្រពន្ធនៅខេត្តកំពង់ស្ពឺតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រងចាំសាច់ញាតិយកឯកសារមកបញ្ជាក់ យកម៉ូតូត្រលប់ទៅវិញ៕