ចែករំលែក

ខេត្តកំពង់ធំ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដេកគោទៅឃ្វាល នៅឯវាលស្រែ លុះពេលឃើញគោរបស់ខ្លួនចុះស៊ីស្រូវគេ ក៏រត់ទៅដេញ ស្រាប់តែជួបនឹង​គ្រោះអកុសលដួល​ផ្កាប់មុខ​ទៅលើ​ភ្លឺស្រែ​ បណ្ដាលឲ្យស្លាប់​យ៉ាង​អណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង ​កាលពី​រសៀល ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ២០១៨ ​នៅក្នុង​វាលស្រែ​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​ថ្លុក​តា​ប្រេស ភូមិ​នឺ​ពេ​ជ​«​ខ​» ឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ​។

មន្ត្រី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ ​ឈ្មោះ យ៉ែ​ម ចែ អាយុ​៥៥​ឆ្នាំ មុខរបរ​ជាកសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ។ បើតាមសម្ដីរបស់អ្នកឃ្វាលគោម្នាក់ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតមាននូវគ្រោះអកុសលដែលនឹកស្មានមិនដល់នោះ ​​ជន​រង​គ្រោះ​បាន​ដេញគោទៅ​ឃ្វាលជាមួយនឹងរូបគេ។ លុះ​ពេលគាត់ដេញគោ​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ គោ​របស់គាត់បានចុះ​​ទៅ​ស៊ី​ស្រូវគេ ទើបគាត់​រត់​ដេញគោ​របស់គាត់ចេញ​ ដើម្បីកុំ​ឲ្យ​ស៊ី​ស្រូវ​គេ ស្រាប់តែជួបនឹងអកុសល ​ដួលផ្កាប់មុខទៅ​លើ​ភ្លឺស្រែ​។ នៅពេលនោះរូបគេបាន​ឃើញ​ជនរងគ្រោះដួល ហើយនឹក​ស្មានថា គាត់​ជំពប់​ជើង​ដួល​ធម្មតា​ ហើយងើប​មិន​រួច។ ឃើញដូច្នេះ រូបគេបានរត់ទៅលើក​គាត់​ផ្ងារ​ឡើង ស្រាប់តែ​ឃើញ​ជន​រង​គ្រោះបាន​ដាច់ខ្យល់ស្លាប់​បាត់​ទៅ​ហើយ ទើបគេ​ស្រែក​ឆោឡោ​ឡើង​ ផ្អើលដល់អ្នកភូមិតែ​ម្តង ។

ក្រោយ​ពេលកើតហេតុ សមត្ថកិច្ចជំនាញ និងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយសន្និដ្ឋានថា ខណៈ​ជន​រងគ្រោះកំពុងតែរត់នោះ គឺបេះដូងរបស់គាត់គាំង​ ទើបធ្វើឲ្យជនរងគ្រោះដួលស្លាប់បែបនេះ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដឹកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕