ប្រទេសរុស្ស៊ី៖ គិតចាប់តាំងពីមានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក នាឆ្នាំ១៩៣៤មក នៅពេលនេះ ប្រទេសមហាអំណាចអាវុធ​នុយក្លុយអ៊ែរមួយនេះ(រុស្ស៊ី) បានទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក ហើយនៅថ្ងៃបើកឆាក នៃការប្រកួតពានរង្វាន់នេះ ក្រុមកីឡាករម្ចាស់បានស្វាគមន៍ភ្ញៀវ(ក្រុមកីឡាករជម្រើសជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត) យ៉ាងចាស់ដៃ ក្នុងលទ្ធផល៥ទល់នឹង០។

នៅក្នុងការប្រកួត រវាងក្រុមជម្រើសជាតិរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត (Saudi Arabia) នេះ គឺក្រុមម្ចាស់ផ្ទះមានរហស្សនាម ខ្លាឃ្មុំទឹក ស្លៀក​សម្លៀកបំពាក់ពណ៌ស​លាយក្រហម និងក្រុមភ្ញៀវស្លៀក ឯសណ្ឋានពណ៌ខៀវ។ នៅពេលចាប់ផ្ដើមបើកឆាក នៃការប្រកួត នានាទីដំបូង ក្រុមជម្រើសជាតិទាំង២នេះបានសង្គ្រប់គ្នាទៅវិញទៅមក​ ដែលធ្វើឲ្យអ្នកទស្សនា ទាំងនៅក្នុងពុហកីឡដ្ឋាន Luzhniki នៃប្រទេស​រុស្ស៊ីផ្ទាល់ និងអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាអ្នកទស្សនាតាមការផ្សារបន្តផ្ទាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការជក់ចិត្តយ៉ាងខ្លាំង។

ក្រុមជម្រើសជាតិបាល់ទាត់ទាំង២នេះ​ បានវាយបកគ្នាទៅវិញទៅមក អស់រយៈពេល១២នាទី ធ្វើឲ្យក្រុមខ្លាឃ្មុំទឹកកក មានឱកាសស៊ុតបំបោងសំណាញ់ខាងអារ៉ាប៊ីសាអូឌីត ដែលរកគ្រាប់បាន ដោយកីឡាករ Yuri Gazinsky វ័យ២៨ឆ្នាំ និងគ្រាប់ទី២រកបាន ដោយកីឡាករ Denis Cheryshev ។

ចូលមកដល់តង់ទី២ រកគ្រាប់បាល់ទី៣បាន ដោយកីឡាករ Artem Dzyuba នៅនាទី៧១ គ្រាប់បាល់ទី៤រកបាន ដោយកីឡាករ Aleksandr Golovin នៅនាទី៨៨ និងគ្រាប់ទី៥ រកបានដោយកីឡាករ Aleksandr Golovin នៅនាទី៩០។ នៅពេលបញ្ចប់ នៃការប្រកួត នាថ្ងៃបើកឆាកនេះ ក្រុមខ្លាឃ្មុំទឹកកក (ម្ចាស់ផ្ទះ)បានឈ្នះអារ៉ាប៊ីសាអូឌី ក្នុងលទ្ធផល៥ទល់នឹង០៕