ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ចោរប្លន់មួយ បានប្លន់ក្នុងហាងមាសមួយកន្លែង ស្ថិតនៅក្នុងភូមិទី៦ ឃុំណងហាន ទីរួមខេត្តឧត្តមថានី ហើយបានបើករថយន្តចេញទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយពីក្រុមប៉ូលិសបានចុះទៅដល់ កន្លែងកើតហេតុ ហើយបានបើកកាម៉េរ៉ាវីដេអូ ដើម្បីពិនិត្យមើល ស្រាប់តែឃើញស្ត្រីម្នាក់ ពាក់អាវពណ៌ផ្កាឈូក ដៃវែង ពាក់ម៉ាសបិទមុខយ៉ាងជិតផងដែរ ហើយដំបូងឡើយ ស្ត្រីជាចោរប្លន់ បានបន្លំខ្លួនជាអ្នក មកទិញមាសធម្មតា ហើយខណៈពេលដែលសន្តិសុខយាម និងអ្នកភ្ញៀវអ្នកទិញដទៃទៀត បានដើរចេញពីហាងអស់ ឃើញឱកាសល្អ ចោរស្រីក៏បានទាញកាំភ្លើង ចេញពីក្នុងកាបូបយកមកភ្ជង់ប្លន់ បុគ្គលិកក្នុងហាង ហើយបានយកមាសទំងន់ ដល់ទៅ៥បាក (១បាក=ជិត២ម៉ឺនបាត) បន្ទាប់មកបានគេចខ្លួនបាត់ ។

បើតាមការសាកសួរ ពីបុគ្គលិកហាងលក់មាសខាងលើ បានឲ្យដឹងថា ស្ត្រីជាចោរប្លន់ មានអាយុប្រហែល៣០ឆ្នាំ នាងបានចូលមកក្នុងហាង ធ្វើខ្លួនដូចជាកំពុងតែចង់ទិញមាស និងបានសួរទៅកាន់គាត់ថា ចង់ទិញមាសទំងន់១បាក ហើយខ្លួនគាត់ក៏បានយកមាស ជាខ្សែ.កទំងន់១បាក ឲ្យនាងមើល ។

បុគ្គលិកបានរៀបរាប់បន្តថា ក្រោយពីបានយកខ្សែ.កមាស ឲ្យនាងមើលភ្លាម ស្រាប់តែចោរស្រីនោះ ដកកាំភ្លើងចេញពីក្នុងកាបូប មកភ្ញង់នាង ព្រមទាំងបានបញ្ជាឲ្យនាង យកខ្សែ.កមាស១បាក ២ខ្សែ និង១បាក ចំនួន៣ខ្សែរ រួមទាំងអស់៥បាក ហើយបានគេចខ្លួនបាត់ទៅ ។

មិនតែប៉ុណ្ណោះ ពេលដែលរត់ចេញពីហាង ស្ត្រីជាចោរប្លន់រូបនោះ បានប្រាប់ទៅម្ចាស់ហាងថា ឲ្យយកប្រាក់មកឲ្យនាងទាំងអស់ តែម្ចាស់ហាងបានស្រែកប្រាប់វិញថា ពុំមានប្រាកសុទ្ធឡើយ ព្រោះបានយកទៅផ្ញើធនាគារ មិននេះបន្តិច អស់ហើយ ។ ឮដូច្នោះចោរប្លន់ស្រីរូបនោះ ក៏បានរត់សំដៅទៅកាន់រថយន្តរបស់ខ្លួន ហើយបានបើកគេចខ្លួនបាត់ទៅ ។

ខណៈពេលនេះប៉ូលិសកំពុងតែធ្វើការ ស៊ើបអង្កេតលើរូបរាង និងមុខមាត់ពិតរបស់ចោរប្លន់ស្រីខាងលើ តាមរយៈកាម៉េរ៉ាសុវត្ថិភាព ដើម្បីឈានទៅដល់ការចាប់ខ្លួន ជនល្មើសមកទទួលទោសតាមច្បាប់ឲ្យបាន ៕