ចែករំលែក

រតនគីរី៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ បុរសម្នាក់ បានចង.កបញ្ចប់ជីវិតចោលប្រពន្ធខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ហើយប្រាប់គេថា ធុញទ្រាន់និងប្រពន្ធរអ៊ូច្រើនពេក ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចចម្ការ អូរប៉ាអរ ស្ថិតក្នុងភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ។

បុរសដែលចង.កសម្លាប់ខ្លួនខាងលើ មានឈ្មោះ ប៉ាន លុង អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយបើយោងតាមការឲ្យដឹង ពីកន្លែងកើតហេតុ បានប្រាប់ថា ប្តីប្រពន្ធរបស់បុរសរងគ្រោះខាងលើ មិនសូវចុះសម្រុងនិងគ្នាប៉ុន្មាននោះទេ ដោយសារតែប្តីជាមនុស្សចូលចិត្តផឹកស្រាស្រវឹង តែងដើរផឹកស៊ីស្រវឹងតាប៉ែរាល់ថ្ងៃ ស្ទើរគ្មានថ្ងៃស្វាង ធ្វើឲ្យប្រពន្ធខឹងរាល់ថ្ងៃ ហើយក៏រអ៊ូដាក់ប្តីរាល់ថ្ងៃដែរ ស្រាប់តែប្តីទ្រាំនិងប្រពន្ធរអ៊ូរមិនបាន តូចចិត្តនិងខ្លួនឯង ក៏បានចង.កសម្លាប់ខ្លួនតែម្តង។

ខណៈពេលដែលប្រពន្ធ បានឃើញប្តីចង.កភ្លាម ក៏បានស្រែកផ្អើលឆោឡោឡើង ហៅអ្នកជិតខាងឲ្យមកជួយ ក្រែងអាចសង្គ្រោះប្តីបាន តែអកុសលប្តីរបស់ខ្លួនបានស្លាប់ បាត់ទៅហើយមិនដឹងពីពេលណានោះទេ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសព។ បន្ទាប់ពីបញ្ជាក់ថា សពរបស់បុរសខាងលើ ពិតជាបានចង.កសម្លាប់ខ្លួន ពិតប្រាកដមែន សមត្ថកិច្ចក៏បានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕