ចែករំលែក

ខេត្តកំពង់ធំ៖ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត រស់នៅក្នុងគ្រួសារក្រីក្រ បាននាំគ្នាទៅចុះដកព្រលឹតលក់ យកប្រាក់មកទិញអង្ករច្រកឆ្នាំង បែរជាជួបនឹងគ្រោះអកុសល រអិលជើងចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទឹកទាំង២នាក់បងប្អូន តែសំណាងល្អ ត្រូវអ្នកភូមិប្រទះឃើញ ជួយស្រង់ប្អូនស្រីទាន់ ហើយបងប្រុសបានលង់ទឹកស្លាប់ យ៉ាងអណោចអធ័ម កាលពីវេលោម៉ោង១រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៨ ម្សិលមិញនេះ នៅក្នុងបឹងបន្ទាយ ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

មន្ត្រីនគរបាលស្រុកសន្ទុក បានឲ្យដឹងថា ក្មេងប្រុសស្រីទាំង២នាក់បងប្អូនបង្កើត ដែលលង់ទឹកនោះ ទី១-ឈ្មោះ រិន សារី អាយុ១៥ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៥ (ស្លាប់) និងទី២-ឈ្មោះរិន កេង អាយុ១០ឆ្នាំ ភេទស្រី ជាមនុស្សគ។ ពួកគេទាំង២នាក់បងប្អូននេះ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជីវភាពគ្រួសាររបស់ក្មេងប្រុសស្រី រងគ្រោះទាំង២នាក់នេះ គឺទីទ័លក្រខ្លាំងណាស់ និយាយរួម គឺរកព្រឹកខ្វះល្ងាច ទើបក្មេងប្រុសស្រីទាំង២នាក់បងប្អូន តែងតែនាំគ្នាចេញទៅដកព្រលឹត ពីក្នុងបឹងបន្ទាយ ដែលស្ថិតនៅខាងលិច ភូមិចម្ងាយប្រហែល១២០០ម៉ែត្រ ដើម្បីយកទៅលក់ រកលុយមកទិញអង្ករហូប និងដើម្បីជួយសម្រាលបន្ទុកឪពុកម្តាយ។

លុះមកដល់ពេលកើតហេតុ ពួកគេទាំង២នាក់បងប្អូន ចុះដកព្រលឹតដូចសព្វមួយដង ប៉ុន្តែជាអកុសល ស្រាប់តែពួកគេ រអិលជើងចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទឹកទាំង២នាក់បងប្អូន។ ជាចៃដន្យ អ្នកភូមិដើរកាត់ទីនោះ ក៏ប្រទះឃើញរត់ទៅជួយស្រង់ បានក្មេងស្រីជាប្អូនទាន់ពេល ចំណែកក្មេងប្រុសជាបង បានលិចចូលទឹកស្លាប់ យ៉ាងអណោចអធ័ម។

បើតាមបុរសឈ្មោះ ហឿន ហូយ អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះ ឃីម ស្រីនា អាយុ២៣ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ហើយជាអ្នកប្រទះឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាដើរទៅដកព្រលឹត នៅក្នុងបឹងនោះដែរ។ ខណៈពេលទៅដល់ ស្រាប់តែប្រទះឃើញក្មេងស្រី ឈ្មោះ រិន កេង កំពុងតែលង់ទឹក ដោយកាយវិការទទះទឹក ត្រដរខ្យល់។ ឃើញដូច្នេះ ពួកគេបានស្ទុះរត់ទៅជួយស្រង់ ក្មេងស្រីរងគ្រោះឡើងលើ។ បន្ទាប់មក ក្មេងស្រីរងគ្រោះ ដែលជាមនុស្សគ បានធ្វើកាយវិការឱ្យ ជួយបងរបស់នាង ដែលកំពុងលង់ទឹកក្នុងបឹងនោះ។

អ្នកឃើញហេតុការណ៍ខាងលើ បានបន្តថា បន្ទាប់ពីកាត់តាមកាយវិការ របស់ក្មេងស្រីរងគ្រោះរួចហើយ ពួកគេបានចុះមុជទឹក រាវរកក្មេងប្រុសរងគ្រោះដែរ តែរកមិនឃើញ។ លុះបន្តិចក្រោយមក ពួកគេក៏បានឃើញបុរសឈ្មោះ ណោ ធី អាយុ៤៥ឆ្នាំ បានមករកព្រលឹតដែរ ទើបពួកគេប្រាប់ថា មានមនុស្សលង់ទឹក ហើយនាំគ្នាជួយរាវរកនៅបាតបឹង ដោយចំណាយពេល រហូតដល់២០នាទី ទើបប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះ នៅក្នុងបាតបឹង ស្លាប់គួរឲ្យសង្វេគ។

ក្រោយពេលរកឃើញសាកសពហើយ ពួកគេបាននាំគ្នាស្រង់ឡើងមកលើគោក ហើយរត់ទៅប្រាប់ឪពុកម្ដាយរបស់ពួកគេ និងរាយការណ៍ទៅ​សមត្ថកិច្ច។ តាមលទ្ធផលនៃការពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់ ដោយសារ​ការលង់ទឹកប្រាកដមែន ហើយក៏ប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕