ចែករំលែក

បរទេស៖ កាលពីពេលថ្មីៗនេះ កាសែត ដេលីមែល បានចុះផ្សាយថា ក្រុមពលរដ្ឋនៅក្នុងក្រុង Bandung ស្ថិតនៅកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ជាច្រើននាក់ បាននាំគ្នាផ្អើលទៅកាន់ស្ទឹងមួយ ដែលមានឈ្មោះថា ស្ទឹង Citarum ដើម្បីទៅចូលរួមក្នុងពិធី ប្រកួតស្ទូចត្រី ។

ខណៈពេលដែលបុរសម្នាក់ កំពុងតែឈរស្ទូចត្រីក្នុងការប្រកួតនោះ ស្រាប់តែប៉ះវត្ថុចម្លែកធំមួយ ដែលជាប់ជាមួយនិងផ្លែសន្ទូច ធ្វើឲ្យគាត់រំភើបយ៉ាងខ្លាំង ដោយនឹកស្មានថា ជាប់ត្រីយក្សហើយ ពេលនោះគាត់ខំប្រឹងទាញខ្សែរ ដើម្បីឲ្យផុតពីទឹកស្ទឹង ។

តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋដែលចូលរួម ភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺវាមិនមែនត្រីយក្ស ដូចដែលបុរសខាងលើ នឹកស្រមៃនោះឡើយ តែវាគឺជាសាកសពរបស់មនុស្ស ដែលលិចនៅក្នុងទឹកនោះ មិនដឹងពីពេលណានោះទេ ។

ខណៈដែលការប្រកួតស្ទូចត្រី កំពុងតែរលូនទៅមុខនោះ ពេលដែលប្រទះឃើញសាកសពបុរសម្នាក់ខាងលើរួចមក ធ្វើឲ្យមានការផ្អើលឆោឡោពេញកន្លែងប្រកួត ហើយបន្តិចក្រោយមក ក្រុមអាជ្ញាធរក៏បានចុះទៅដល់ និងបាននាំយកសាកសពឡើងលើគោក ដោយសាកសពនោះ មានអាយុប្រហែលចន្លោះពី២៥ ទៅ ៣០ឆ្នាំ កំពស់១,៦០ម៉ែត្រ ។

បើតាមការពិនិត្យរបស់ក្រុមអាជ្ញាធរ បានបញ្ជាក់ថា បុរសនោះត្រូវបានរអិលជើង ធ្លាក់ចូលក្នុងស្ទឹងស្លាប់ដោយខ្លួនឯង ហើយបានធ្វើការសន្និដ្ឋានទៀតថា សាកសពបុរសនោះ ទើបតែស្លាប់ប៉ុណ្ណោះ តែទោះជាយ៉ាងណា ក្រុមអាជ្ញាធរកំពុងតែនាំសាកសព ទៅពិនិត្យបន្ថែម នៅមន្ទីរពេទ្យ Sartika Asish ដើម្បីស្រាវជ្រាវរកមូលហេតុ នៃការស្លាប់បន្ថែមទៀត ដើម្បីឲ្យកាន់តែច្បាស់ ៕