ថៃ៖ អ្នកដែលកើតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ប្រហែលជាបានស្គាល់ច្បាស់រួចមកហើយនូវតារាសម្ដែងដ៏ល្បីល្បាញនាជំនាន់នោះ ដែលគេតែងតែនិយមហៅឈ្មោះលោកថា «ប៉ាតថាវី» ហើយមកទល់បច្ចុប្បន្ននេះ តើដឹងទេថា ជីវិតរបស់លោកយ៉ាងណាហើយ?

លោក ប៉ាតតាវី ដែលមានឈ្មោះផ្លូវការថា យុរៈណាន់ ផុមមុនទ្រី (Yuranunt Pamornmontri) ត្រូវបានគេដឹងថា បានចាកចេញពីពិភពសិល្បៈហើយ ដោយបានប្រឡូកក្នុងនយោបាយ ហើយក្រោយមកបានថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា ដោយបាន បួសជាព្រះសង្ឃនៅក្នុងប្រទេសិរីលង្កាឯនោះ ប៉ុន្តែបច្ចុប្បន្ន បានលាកចាកសិក្ខាបទ និងកំពុងឈរឈ្មោះតំណាងរាស្ត្រនៅក្នុងគណៈបក្ស «Pheu Thai» ។

លោក យុរៈណាន់ ផុមមុនទ្រី កើតនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៦៣ នៅទីក្រុងបាងកក ប្រទេសថៃ និងបានក្លាយជាតារាក្នុងដួងចិត្តមនុស្សជាច្រើននៅក្នុងកំលុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលរឿងដំបូងរបស់លោកមានចំណើងជើងថា «Kam Pang Hua Jai» ។

បុរសវ័យ ៥៥ឆ្នាំខាងលើ បានបោះបង់អាជីពជាអ្នកសិល្បៈ និងបានចូលប្រឡូកក្នុងនយោបាយនៅឆ្នាំ ២០០៤ ហើយចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ លោកបានក្លាយជាសមាជិកសភា និងជាអ្នកនាំពាក្យរដ្ឋាភិបាល ក្នុងអាណត្តិរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប៉ុន្តែក្រោយមកអតីត នាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា និងត្រូវបានគេកាត់ទោសកំបាំងមុខពីបទ ទំនាស់ផលប្រយោជន៍ ។

រហូតដល់ឆ្នាំ ២០១១ បន្ទាប់ពីលោកស្រី យ៊ីងឡាក់ ស៊ីណាវ៉ាត្រា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី លោក យុរៈណាន់ ផុមមុនទ្រី ក៏បានជាប់ឆ្នោតជាបេក្ខជនតំណាងរាស្ត្រ ដោយជំនួសតំណែងឧត្តមសេនីយ៍ទោលោក ឆាត គុលឌីឡូក ។
សូមបញ្ជាក់ថា បច្ចុប្បន្នលោក យុរៈណាន់ ផុមមុនទ្រី នៅតែជាបក្ខជនតំណាងរាស្ត្រក្នុងគណៈបក្ស «Pheu Thai» របស់លោកស្រី យីងឡាក់ និង ជាសមាជិកសភាមួយរូបផងដែរ ៕
សហការី KBN