ភ្នំពេញ៖ រោងបុណ្យខួបគំរប់ ៧ថ្ងៃមួយល្វែងសង់នៅលើផ្លូវ ត្រូវរថយន្តកុងតឺន័រមួយគ្រឿងមានអ្នកបើកបររៀងងងុយដេក គួបផ្សំនិងផ្លូវកោងបន្តិច ហើយ​ចាំងភ្នែកហ្វាររថយន្តពីខាងមុខ ធ្វើឱ្យ​​អ្នក​បើកបរបុកចូលក្នុងរោងបុណ្យ​ បណ្តាលឱ្យបាក់រោង តែសំណាងល្អ​មិនបង្កឱ្យអ្នកណាម្នាក់រងរបួសឡើយ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ០១ នឹង១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា នៅចំនុចផ្ទះលេខ៤០៤ ផ្លូវ៣៧១ ផ្ទះលក់ស៊ីទែនទឹក យីហោ ហ្វុក ហេង ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រោងបុណ្យគំរប់៧ថ្ងៃបានសាងសង់​នៅ​តាមផ្លូវ៣៧១ ​ហើយម្ចាស់បុណ្យធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ភរិយារបស់គាត់ ដោយរោងនេះសាងសង់តាំងពីព្រឹកថ្ងៃទី៥ ខែមិថុនា ​ពេលល្ងាច​ទើបមានកម្មវីធីទទួលភ្ញៀវ​ ញាតិមិត្តជិតឆ្ងាយដែលបានមកចូលរួមរំលែកទុក្ខ និងមានកម្មវិធីវិធីសូត្រមន្ត តាមប្រពៃណី ចប់សព្វគ្រប់ហើយ ខាងក្រុមចុងភៅ ក៏បានរើ និងសារទុករបស់របរនៅក្នុងរោងរួចរាល់ ​ហើយក្រុមចុងភៅក៏បានសម្រាកនៅមុខផ្ទះក្បែររោងនោះដែរ ដោយម្ចាស់ដើមបុណ្យបានបើកភ្លើងបំភ្លឺនៅមុខរោង និងមានដាក់ធុងសាំ​ងនៅចម្ងាយពីមុខរោងជាង ២០ម៉ែត្រ ដើម្បីជាសញ្ញាសម្គាល់ ។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ ធន់ធំមួយគ្រឿង បើកចូលទៅដល់ក្នុងរោងដើម្បីចូលរួមរំលែកទុក្ខ​តែម្តង។

​ប្រភពពីអ្នកបើករថយន្ត​មាន ឈ្មោះ សែន វិរៈបុត្រ ភេទ ប្រុស អាយុ២៥ ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិកៀនស្វាយ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​បានប្រាប់​ឱ្យ ដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្ត បង្កខាងលើជាប្រភេទរថយន្តកុងតឺន័រពណ៌ក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ 3D-9332 ក្នុងទូរកុងតឺន័រ ដឹកស្រូវសាឡី ​ដឹកមក​ពីកំពង់ផែស្វយ័ត ភ្នំពេញ គោលបំណងយកទៅទម្លាក់នៅក្រុមហ៊ុនស្រាបៀរកម្ពុជា នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ។

ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ជាចំនុចផ្លូវកោងហើ​យមានរថយន្ត​ផ្សេងទៀតធ្វើដំណើរមកបញ្ច្រាសទិសគ្នាទៀត ចាំងភ្នែកនឹងភ្លើងរថយន្តនោះ ណាមួយរៀងងងុយដេកផង មើលមិនច្បាស់ ក៏វ៉ាក់អើជាមួយរោងបុណ្យ ។ ភ្លាមៗជាន់ហ្វ្រាំងមិនជាប់ ទើបជ្រុលបុកចូលក្នុងរោង​បុណ្យ ​បណ្តាលឱ្យបាក់រោង​ តែមិនមានអ្នករងរបួសទេ គ្រាន់តែខូចខាតរោងបុណ្យ និង របស់របរនៅក្នុងរោងតែប៉ុណ្ណោះ។

​ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត និងខាងក្រុមចុងភៅ ព្រមទាំងម្ចាស់ផ្តើមបុណ្យ បានចចារគ្នា ដោយខាងរថយន្តបានទូរស័ព្ទ​ហៅតំណាងខ្លួនមកដោះស្រាយ ជាមួយម្ចាស់ផ្តើម​បុណ្យ និងក្រុមចុងភៅ ដើម្បីសងសំណង ទៅតាមទំហំនៃការខូចខាត​បញ្ចប់រឿងនៅកន្លែង កើតហេតុតែម្តង ៕