សិល្បៈ៖ តារាជើងចាស់ ដែលតែងបង្ហាញមុខ ក្នុងភាពយន្តល្បីៗជាច្រើន រាប់មិនអស់ លោក សាវីន ហ្វីលីប កំពុងទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ នាមួយរយៈចុងក្រោយនេះ។ តួយ៉ាងកំពុងជោគជ័យ លើវិថីសិល្បៈខ្លាំង ឪពុកគំរូរូបនេះ ក៏មិនភ្លេចជម្រុញលើកទឹកចិត្ត កូនស្រីសំណព្វរបស់ខ្លួន ឲ្យដើរតាមគន្លងលោក ដោយឲ្យនាងប្រឡូកសិល្បៈ ទាំងវ័យក្មេងតែម្ដង។

ជាក់ស្ដែងមុននេះមិនប៉ុន្មានម៉ោង លោកក៏បានបង្ហោះសារ ប្រាប់ពីដំណឹងឲ្យមហាជនបានដឹងថា ភាពយន្តខ្នាតធំថ្មី ដែលលោកនឹងសម្ដែងលើកនេះ ត្រូវប៉ះគ្នាជាមួយកូនស្រីបង្កើតខ្លួន ដោយលោកបានរៀបរាប់ថា៖ « រឿង ផ្ទះជួល- Move Out ! ភាពយន្តខ្នាតធំ បែបភ័យរន្ធត់ដំបូងបំផុត របស់ផលិតកម្មខ្មែរមេគង្គ ដែលឪពុកនិងកូនស្រីសម្ដែងរួមគ្នា.. សូមជួយគាំទ្រការសម្ដែងរបស់កូនស្រីខ្ញុំផង ! ឆាប់ៗនេះនៅគ្រប់រោងភាពយន្ត ទំនេីបក្នុងទីក្រុងភ្នំពេញ» ៕