នៅខេត្តកោះកុង សំបូរទៅដោយ ព្រៃភ្នំក្រំថ្ម ទឹកជ្រោះជ្រលងដងអូរ ដែលកើតចេញពីធម្មជាតិពិតៗ ដូចឋានសួគ៌អញ្ចឹង ជាការពិតណាស់ ធម្មជាតិព្រៃភ្នំតូចធំ ខៀវស្រងាត់ ហ៊ុំព័ទ្ធទៅដោយព្រៃប្រឹក្សាលក្ខតាវល្លិ៍ បង្កប់ដោយដងអូរខ្វាត់ខ្វែង និងមានទឹកជ្រោះធ្លាក់ ពីលើកំពូលភ្នំយ៉ាងខ្ពស់ជាច្រើនកន្លែង ដែលទិដ្ឋភាពអស់ទាំងនេះហើយ ដែលធ្វើឲ្យមនុស្ស រុក្ខជាតិ សត្វបក្សាបក្សីទាំងឡាយ ចង់រស់នៅ ។

ខេត្តកោះកុង ក្រៅពីតំបន់ទឹកជ្រោះតាតៃ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលនោះ ក៏គេសង្កេតឃើញមានទឹកជ្រោះ ជាច្រើនកន្លែងទៀត ដែលមានធម្មជាតិល្អស្រស់ត្រកាល ដែលមានបរិស្ថានល្អ បង្កឲ្យមានផាសុកភាពដល់ភ្ញៀវជាតិ និងអន្តរជាតិ ។

ជាមួយគ្នានេះដែរ ក្រុមការងារខេប៊ីអិន របស់យើងក៏សូមនាំ បងប្អូនមិត្តអ្នកអាន និងបងប្អូនខ្មែរដែលស្រលាញ់ធម្មជាតិ និងចូលចិត្តធ្វើទេសចរណ៍ នៅតាមព្រៃភ្នំជ្រលងដងអូរ ក្រំថ្ម ទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំ ផងនោះ ពេលនេះយើងនឹងនាំប្រិយមិត្តឲ្យបានស្គាល់ ទឹកធ្លាក់ទី១ ដែលជាទឹកជ្រោះដ៏ល្អ ត្រកាលហូរពីលើកំពូលភ្នំមួយយ៉ាងខ្ពស់ ដែលស្ថិតនៅក្នុង ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។

ទឹកជ្រោះនេះ គេហៅថា ទឹកធ្លាក់ទី១ ព្រោះទឹកជ្រោះដ៏ស្រស់ស្អាតនេះ នៅមិនទាន់មានឈ្មោះនៅឡើយនោះទេ ។ ជាមួយគ្នានេះដែរ យើងក៏បានជួបជាមួយ លោក វិបុល ដែលជាអ្នករស់នៅក្នុងខេត្តកោះកុង ហើយលោកតែងតែនាំភ្ញៀវ ទៅកំសាន្តទស្សនាទឹកធ្លាក់ទី១នេះ ដោយលោក បានឲ្យដឹងថា៖

ជាការពិតណាស់ ក្រៅពីទេសភាពល្អស្រស់បំព្រង គួរជាទីគយគន់ ដែលជាកន្លែងដែលធ្វើឲ្យមនុស្សគ្រប់ជាតិសាសន៍ ចង់ទៅទស្សនា មិនចេះជិនណាយនោះ ចម្លែកតែប្រជាជនខ្មែរយើង មិនសូវស្គាល់ និងមិនសូវមានអ្នកដែលទៅលេងទីនោះទេ ។

ទឹកធ្លាក់ទី១ ដ៏ស្រស់បំព្រងនេះ មានចំងាយប្រហែល២៥គីឡូម៉ែត្រ ដោយធ្វើដំណើរតាមទូក តាមសមុទ្រ ហើយនិងឆ្លងកាត់ចូលដៃព្រែក ដៃសមុទ្រ ដោយប្រើរយៈពេលប្រហែលជាមួយម៉ោង នឹងទៅដល់កំពង់ចំណតទូក ហើយត្រូវដើររយៈពេល ប្រហែលកន្លះម៉ោងថែមទៀត ក្នុងចំងាយផ្លូវ ប្រហែលជា៣០០ម៉ែត្រ គឺឡើងចំណោតភ្នំដ៏ខ្ពស់ ទើបឡើងទៅដល់លើភ្នំ ដែលមានទឹកជ្រោះហូរធ្លាក់ ដ៏ស្រស់ស្អាត ដូចឋានសួគ៌ា ដែលមានរូបភាពភ្ជាប់មកជាមួយនេះស្រាប់ ។

ម្យ៉ាងទៀត ទឹកជ្រោះដ៏ល្អប្រណិតនេះ ត្រូវបានជនបរទេសមួយចំនួន បាននាំគ្នាទៅទីនោះ រាល់ថ្ងៃតែម្តង មិនគិតពីថ្ងៃបុណ្យទានផ្សេងៗនោះទេ គឺពួកគេចូលចិត្តធម្មជាតិដ៏បរិសុទ្ធបែបនេះ និងទឹកជ្រោះហូរធ្លាក់ពីលើភ្នំ មានព្រៃព្រឹក្សាលក្ខណ៍តាវល្លិ៍ ហ៊ុំព័ទ្ធជុំវិញខៀវស្រងាត់ស្រស់បំព្រង ។

មួយវិញទៀតគឺដោយសារ ភ្ញៀវបរទេសអន្តរជាតិ ចូលចិត្តធ្វើអ្វីដែលប្លែក ដូចជាចូលក្នុងព្រៃជ្រៅ ឡើងភ្នំខ្ពស់ៗ ដូចមាននៅក្នុងរូបភាពជាដើម មានដូចជាជនជាតិបារាំង ជនជាតិជប៉ុន ជនជាតិចិន ជាដើម ដែលពួកគេចូលចិត្តឡើងទៅកំសាន្ត ទឹកធ្លាក់ទី១ ដែលជាទឹកជ្រោះធម្មជាតិដ៏ស្ងាត់ជ្រងំនេះ រាល់ថ្ងៃមិនដែលលស់នោះទេ ។

ជាការពិតណាស់ ក្រៅពីទស្សនាព្រៃព្រឹក្សាលក្ខណ៍តាវល្លិ៍ ទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លើសូររងំដូចជាតន្ត្រីធម្មជាតិដ៏ពិរោះ គួបផ្សំនិងសម្លេងសត្វបក្សាបក្សី ស្រែកឆ្លើយឆ្លងគ្នាទៅវិញទៅមក ប្រៀបដូចជាចំរៀងធម្មជាតិ ដែលយើងបានស្តាប់ហើយ ធ្វើឲ្យធូរអារម្មណ៍ បំបាត់អស់ទុក្ខកង្វល់ពីក្នុងខ្លួនថែមទៀត ។

ជាការពិតណាស់ ទឹកធ្លាក់ទី១ ដែលមានទឹកជ្រោះហូរធ្លាក់ពីលើភ្នំ ដ៏ស្រស់បំព្រងនេះ ក៏មានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធទៀតផង ដូច្នេះហើយទើបធ្វើឲ្យភ្ញៀវទេសចរណ៍ គ្រប់ជាតិសាសន៍ ចូលចិត្តទៅទីនោះខ្លាំងណាស់ ។ លោក វិបុល ក៏បានបន្ថែមឲ្យដឹងថា លោកបាននាំភ្ញៀវអន្តរជាតិ ទៅទីនោះស្ទើរតែរាល់ថ្ងៃ ឡើងទៅលេងនិងទស្សនាទឹកធ្លាក់ទី១ និងគយគន់មើលធម្មជាតិ ដ៏ស្រស់ត្រកាល នៅចំកណ្តាលទ្រូងព្រៃលើកំពូលភ្នំនេះ រាល់ថ្ងៃតែម្តង ។

លោកបញ្ជាក់ថា លោកមានមោទនភាពយ៉ាងខ្លាំង ដោយបានរៀបរាប់ នូវសម្រស់ធម្មជាតិដ៏ស្រស់ ជូនភ្ញៀវអន្តរជាតិ ស្ទើរគ្រប់ជាតិសាសន៍ ទាំងអឺរ៉ុប និងអាស៊ី ។

ជាការពិតណាស់ បើសិនជាបងប្អូនខ្មែរយើង ចង់ទៅទស្សនាទឹកជ្រោះ និងគយគន់ទេសភាព ធម្មជាតិដ៏ស្រស់បំព្រង និងស្តាប់តន្ត្រីធម្មជាតិ ស្តាប់សូរសម្លេងទឹកជ្រោះហូរធ្លាក់ ពីលើភ្នំ ដូចជាភ្លេងប្រគុំរណ្តំចិត្ត បំបាត់ទុក្ខសោកស្ត្រេសទាំងឡាយ ពិតជាមិនខកបំណងឡើយ។

ទោះបីជាការធ្វើដំណើរ ឆ្ងាយនិងមានការនឿុយហត់បន្តិចមែន ប៉ុន្តែនៅពេលដែលបងប្អូន បានទៅដល់ទឹកធ្លាក់ទី១ហើយ លោកអ្នកប្រាកដជាមានកម្លាំង និងសប្បាយជាមួយនិងទេសភាពដ៏ប្រណិត ដែលកំរបានឃើញក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ ៕