ភ្នំពេញ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាអាណត្តិទី៦នេះ មានមន្ត្រីជាន់ខ្ពស់ នៃអគ្គមេបញ្ជាការ​ដ្ឋាន កង​យោធពល​ខេ​ម​ភូមិន្ទ​ ចំនួន៣រូប និងកូនប្រុសរបស់មន្ត្រី ជាន់ខ្ពស់របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ដ នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥។

លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​​អះអាងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​២២ ឧសភា​ថា អគ្គមេបញ្ជាការ​ជាន់ខ្ពស់​៣​រូប នៃអគ្គមេញ្ជាការដ្ឋានកង​យោធពល​ខេ​រម​ភូមិន្ទ បាន​ព្យួរ​តួនាទី​របស់ខ្លួន ដោយសារលោកទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ។ ការ​ព្យួរ​តួនាទី​បែបនេះ គឺ​ជាការអនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ដដែល បានបន្តថា ​មេទ័ព​សំខាន់​ៗ​របស់​កម្ពុជាទាំង​៣​រូបនេះ ដែលត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដនោះ រួម​មាន ​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ លោកមេទ័ពទាំង៣រូបនេះ នឹង​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នា​ខែកក្កដា ខាង​មុខ​នេះ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ដដែល បានបន្តថា «​ការ​ព្យួរ​តួនាទី​ជាបណ្តោះអាសន្ន​របស់​មេទ័ព​ទាំង​៣ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ ​នា​ពេល​ខាង​មុខ​នេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា។ យោងតាមមាត្រា​២៥ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺ​តម្រូវ​ឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កង​យោធពលខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា​ដែល​មាន​បំណង​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

ប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មេទ័ពទាំងរូបខាងលើ រួមមាន ​ទី​១-លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ ទី​២-លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ​ នៅ​មណ្ឌល​ឧត្តរមានជ័យ និង​ទី​៣-លោកនាយ​ឧត្តមសេនីយ៍ មាស សុភា ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រពេញ​សិទ្ធិ​ នៅ​មណ្ឌល​ព្រះ​វិហារ។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រៅពីមេទ័ពទាំង៣ខាងលើ គីនៅមានកូនប្រុសស្រីវ័យក្មេងៗរបស់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ក៏បានឈរឈ្មោះ​បោះ​ឆ្នោតជ្រើសតាំង​តំណាងរាស្ដ្រ នៅអាណត្តិ​ទី​៦ នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត រួម​មាន ទី១-លោក ហ៊ុន ម៉ា​នី អាយុ​៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។ ទី២-លោក សាយ សំ​អាល់ អាយុ​៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ។ ទី៣-លោក ស សុខា អាយុ​៣៧​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តព្រៃវែង។ ទី៤-លោក សុខ សូ​កាន អាយុ​៣៥​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តតាកែវ​។ ទី៥-លោក ឌី វិជ្ជា អាយុ​៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១ មណ្ឌល​ខេត្តស្វាយរៀង។ ទី៦-​លោក យឹ​ម លាត អាយុ​៣២​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៣ មណ្ឌល​ខេត្តកំពង់​ធំ។ ទី៧-លោក ឃឹ​ង នុ​ភាព អាយុ​៣៩​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពង់ធំ។

ទី៨-លោក ន​ង វាសនា អាយុ​៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពង់ធំ។ ទី៩-លោក យ៉ូ​វ សេង​គុណ​៖ អាយុ​២៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តកំពង់ធំ។ ទី១០-លោក ម៉ាត់ សេត អាយុ​៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពត។ ទី១១-លោក មឿង គង្គាអាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពត។ ទី១២-លោកស្រី ជ្រឹង បុ​ទុម​រង្សី អាយុ​៣៥​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១១ មណ្ឌល​ខេត្តកណ្ដាល។ ទី១៣-លោកស្រី ឈី វ៉ា​ អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តកោះកុង។ ទី១៤-លោក នួន ផា​រ័​ត្ន អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ភ្នំពេញ។ ទី១៥-លោក ឃុ​ត ចាន់​ដា​រ៉ា អាយុ​៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ភ្នំពេញ។ ទី១៦-លោក យុង គឹ​ម​ហ៊ាន អាយុ​៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្ត​ព្រះវិហារ។ ទី១៧-លោក ងិ​ន បា​ណា​ល់ អាយុ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តព្រៃវែង​។ ទី១៨-លោក ខៀវ ភា​រិ​ទ្ធ​ អាយុ៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តព្រៃវែង​។ ទី១៩-លោក រ៉ូ​ហ្វី អូ​ស្មាន​ អាយុ២៩​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តពោធិ៍សាត់ និងទី២០- លោក ហេង សុខ​ណា​ង​ អាយុ៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្ត​ស្វាយរៀង៕