រដ្ឋធានីព្យុងយ៉ាង៖​ យោងតាមបណ្ដា​ញផ្សព្វផ្សាយរបស់បរទេស បានរាយការណ៍ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ២០១៨នេះថា បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបចរចាគ្នាជាមួយនឹងសមភាគីកូរ៉េខាងត្បូងរបស់លោក នៅតែមានការសង័្សយពីកម្មវិធីនុយក្លេអ៊ែរ​របស់កូរ៉េខាងជើងនោះមក នៅពេលនេះ មេដឹកនាំកូរ៉េខាងជើងបានសម្រេចនឹងរំលោយ​ទីតាំង​សាកល្បង​នុយក្លេអ៊ែររបស់ខ្លួន ដែលនេះ គឺជា​ការបង្ហាញនូវកាយវិការ​សុ​ច្ឆន្ទៈ​មួយ ​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុី។

កូរ៉េ​ខាងជើង​ធ្លាប់​ប្រកាស​ កាលពី​ខែ​មុន​ថា​ ប្រទេសរបស់ខ្លួន​នឹង​កម្ទេច​ចោល​ទីតាំង​សាកល្បងអាវុធមហាប្រល័យលោក (នុយ​ក្លេ​អ៊ែរ ​PUNGGYE RI )ចោល ដោយ​ដាក់​គ្រឿងផ្ទុះ​កម្ទេច​រូង​ក្រោម​ដី​ទាំងឡាយ​ដែលជា​ច្រកចូល​។​ ការ​​ប្រកាស​នេះបានធ្វើឲ្យរដ្ឋាភិបាលទីិ​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ក្រុង​សេ​អ៊ូ​ល បានសម្ដែងនូវការស្វាគមន៍យ៉ាងខ្លាំង​។ ​ទីតាំង​នោះ គឺ​រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្លាប់​សាកល្បង​អាវុធ​នុយ​ក្លេ​អ៊ែរចំនួន​៦​លើក​រួចហើយ ដោយគឺ​លើក​ទី​៦​ បានធ្វើឡើង ​កាលពី​ខែកញ្ញា ​ឆ្នាំ​២០១៧ ​ដែល​មាន​កម្លាំង​ខ្លាំង ​ជា​​គ្រាប់​បែក​អ៊ី​ដ្រូ​ហ្សែ​ន​​។

យោងតាមសារព័ត៌មានCNN បានឲ្យដឹងថា ការ​កម្ទេច​ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ ​អាច​នឹងធ្វើឡើង ​រវាង​ថ្ងៃ​ទី​២៣ ​ទៅថ្ងៃទី​២៥​ ឧសភា ដោយយោង​ទៅ​តាម​ស្ថានភាព​ឧតុ​និយម​។​ រីឯកូរ៉េ​ខាងជើង​បានចាត់​ទុក​ការ​កម្ទេច​ចោល​ទីតាំង​នេះ​ថា ជា​កាយវិការ​សុ​ច្ឆន្ទៈ​មួយ ​​មុន​ការ​ជំនួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្ រ​រវាង​លោក ដូណាល់ ​ត្រាំ​ ប្រធានាធិបតីអាមេរិក និង​មេដឹកនាំ​របស់​ខ្លួន លោក​ គីម ​ជុង​អ៊ុ​ន​។

មន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ បានប្រកាស​ នា​ថ្ងៃ​ទី​២៣ ​ខែឧសភា​ នេះថា កូរ៉េ​ខាង​ជើង​ បានព្រម​ឲ្យ​បណ្ដា​អ្នកកាសែត​កូរ៉េ​ខាងត្បូងចូល​ទៅ​យក​ព័ត៌មាន​ពី​ការ​កម្ទេច​ចោល​​​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ មន្រ្ដីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាន​បញ្ជា​ក់ថា បញ្ជី​ឈ្មោះ​អ្នកកាសែត​កូរ៉េ​ខាងត្បូង​មានចំនួន៨​នាក់ ដែលបម្រើការងារ​ឲ្យ​អង្គភាព​សារព័ត៌មាន​២ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់រដ្ឋធានី​​ព្យុ​ង​យ៉ាង ហើយអាជ្ញាធររបស់កូរ៉េខាងជើង​បាន​យល់ព្រម​ទទួល​ពួក​គេរួចរាល់​ហើយ​។ ដោយឡែកអ្នកកាសែត​របស់​អង្គភាព​សារព័ត៌មាន​ នៃ​ប្រទេស​ផ្សេង​ៗ បាន​ទៅ​ដល់​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​២២​ ខែឧសភា​ម្សិលមិញនេះ។

លោក Donald Trump ប្រធានាធិបតីអាមេរិក បានជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង កាលពីម្សិលមិញថា​ ការជំនួបកំពូល​ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នងប្រទេសសិង្ហបុរី អាច ឬមិនអាចកើតឡើង គឺអាស្រ័យទៅលើឥរិយាបថរបស់មេដឹកកូរ៉េខាងជើង។

អ្នកនាំពាក្យ​រដ្ឋា​ភិបាល​​កូ​រ៉េ​ខាងត្បូង​ បានឲ្យដឹងថា បន្ទាប់ពីមានការ​ពិភាក្សា​គ្នា​កម្រិត​ខ្ពស់​ រវាង​រដ្ឋាភិបាលទីក្រុង​ព្យុ​ង​យ៉ាង​ និង​ក្រុង​សេ​អ៊ូ​លរួចមក ជំនួបកំពូល​ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្រហែលជានឹងអាច​ធ្វើ​វិញ ក្រោយប្រទេសកូរ៉េខាងជើងបន្ទន់ឥរិយាបថ៕