ខេត្តប៉ៃលិន៖ ​ក្មេងស្រីមួយក្រុមមានគ្នា៣នាក់ទំនងជាអត់ខ្លាំងពេក ក៏ដាច់ចិត្តទៅលួចខោអាវរបស់ប្រជាពលរដ្ឋ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា ក្មេងស្រីជាប់ពាក់ព័ន្ធនឹងករណីលួចខោអាវរបស់ប្រជាពលរដ្ឋ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះ កែវ រក្សា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ទី២-ឈ្មោះ ឆាម ផានិត ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិផ្សារព្រំ និងទី០៣ ឈ្មោះ ភូន ស្រីតូច ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិផ្សារព្រំដូចគ្នា។ រីឯជនរងគ្រោះ ឈ្មោះ សែម ចន្ធូ អាយុ៣៦ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានបន្តថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែឧសភា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ បានរាយការណ៍ថា មានករណីចោរលួចខោអាវ និងសម្ភារមួយចំនួន កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅមុខផ្ទះ ដោយបាត់អាវចំនួន៦ ខោចំនួន ៦ និងស្បែកជើង៣គូ។ បន្ទាប់ពីបានទទួលបណ្ដឹងរួចមក លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកនាំ និងបញ្ជាផ្ទាល់ដល់កម្លាំងក្រោមឱវាទចុះស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕