រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ រថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រី បានចុះមកយកសម្រាម បត់មិនផុតក៏បានប៉ះរថយន្តសេរីទំនើបមួយគ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបែកស្តុបខាងឆ្វេង ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុចកែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនជាតិចិន បើករថយន្តម៉ាកTrump Chi ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-4188 មកចតនៅលើផ្លូវចោលស្រាប់តែមានរថយន្ត ដឹកសំរាមមួយគ្រឿង ពាក់ស្លាកសំគាល់លេខ 448 បានបត់ទៅប្រមូលសំរាម តែបត់មកមិនផុត ក៏ជ្រុលទៅប៉ះស្តុបរថយន្ត បណ្តាលឲ្យបែកស្តុប ហើយខាងភាគីរថយន្ត ជាជនជាតិចិន ក៏ចេញមកទារសំណងចំនួន១០០០ដុល្លារ តែភាគីរថយន្តស៊ិនទ្រីមិនព្រម ក៏បានហៅសមត្ថកិច្ចឲ្យមកអន្តគមន៍។

ដោយសារតែដោះស្រាយមិនត្រូវគ្នា ជនជាតិចិនដែលជាម្ចាស់រថយន្តទំនើប បានឡើងទៅកាន់សណ្ឋាគារវិញបាត់ទៅ តែមិនបានឲ្យសោររថយន្ត ទៅសមត្ថកិច្ចនោះឡើយ ទើបសមត្ថកិច្ចបានហៅរថយន្តស្ទូច មកស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួន មកធ្វើការដោះស្រាយតាមនិតិវិធី ៕