ក្រុងបាងកក ប្រទេសថៃ៖ យោងតាមសារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ថា ក្រុមអ្នកដឹកនាំ​ ចលនា​ប្រឆាំងរដ្ឋាភិបាល​ថៃ ដើម្បីទាមទារ​ឲ្យមានការ​ បោះឆ្នោត​សកល​នៅចុង​ឆ្នាំ២០១៨នេះ ជាដាច់ខាតនោះ បានយល់​​ព្រមប្រគល់​ខ្លួន ឲ្យប៉ូលិស ហើយការតវ៉ានៅក្នុងទីក្រុងបាងកក និងសាកលវិទ្យាល័យ ​ធម្មាសាត​នោះ ក៏ត្រូវបាន​បញ្ចប់ផងដែរ នាល្ងាច​ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។

គួរកត់សំគាល់ផងដែរ លោក Rangsiman Rome មេដឹកនាំក្រុមប្រឆាំងតវ៉ាខាងលើនេះ ជាមួយនឹងសហមេដឹកនាំ ០២រូបទៀត បានសម្រេចចិត្តប្រគល់ខ្លួនទៅឲ្យប៉ូលិស ហើយនិងបានស្នើឲ្យ ប្រជាជនទាំងអស់ ត្រឡប់ទៅផ្ទះវិញផងដែរ។ ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក ​កាលពីព្រឹកថ្ងៃអង្គារនេះ និងបានរៀបចំ​ដង្ហែរក្បួន ចេញពី​​​​​​​​សាកលវិទ្យា​ល័យ​​មួយកន្លែង ឆ្ពោះទៅកាន់​វិមានរដ្ឋាភិបាលថៃ​ ​ហើយសម្តែងការទាមទារ ឲ្យ​រដ្ឋាភិបាលយោធា​របស់លោក ប្រាយុទ្ធ ចាន់អូចា រៀបចំការ​បោះ​ឆ្នោត​សកល ​មិនឲ្យលើសពីខែវិច្ឆិកា​ ចុងឆ្នាំនេះ​ឡើយ។

​នាព្រឹក​ថ្ងៃអង្គារ កម្លាំង​សមត្ថកិច្ចថៃ ​បានដាក់រនាំងហាមឃាត់ ​នៅតាមដងផ្លូវមួយ​ចំនួន ក្បែរសាកល​វិទ្យាល័យ ធម្មាសាត (Thammasat) និង​ធ្វើការ​​ត្រួតពិនិត្យ​ផ្នែកសន្តិសុខ ដែលជាហេតុបណ្តាល​ឲ្យ​ ក្រុមអ្នក​បាតុករ​ត្អួញត្អែរថា​ ពួកគេ​​កំពុងត្រូវបាន​ហាមឃាត់ ​មិនឲ្យធ្វើការ​ប្រមូលផ្តុំគ្នា។ បើតាម​​ប៉ូលិសថៃ​​ក្រុមអ្នកតវ៉ាជាង ១០០នាក់ បានទៅជួបជុំគ្នា​នៅក្នុង​សាកលវិទ្យាល័យ គិតត្រឹមព្រលឹម​ថ្ងៃអង្គារ ហើយ​មាន​អ្នក​​​ទៅដល់​​ទីនោះ​​ជាបន្ត​បន្ទាប់​ទៀត។

គួរជម្រាបថា ទាក់ទងនឹង​ការបោះឆ្នោត ​ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ​នៅក្នុងប្រទេសថៃ រដ្ឋាភិបាល​យោធា​របស់ លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើការ​ពន្យាពេល ជាច្រើន​លើកច្រើនសា ដែលពីដំបូង​ឡើយនោះ គ្រោងនឹង​ប្រព្រឹត្តទៅ តាំងតែពីឆ្នាំ២០១៥ មកម្ល៉េះ ហើយ​កាលបរិច្ឆេទ ​​កំណត់ចុងក្រោយ​គេ​បំផុតនោះ គឺនៅខែកុម្ភៈ ឆ្នាំ២០១៩។ ទោះជា​បែបនេះក្តី មនុស្សភា​គ​ច្រើន​ មានការភ័យ​ព្រួយថា វានឹង​អាច​​លើកទៅពេល​ក្រោយ ជាថ្មី​ម្តងទៀត៕