សិល្បៈ៖ តារាចម្រៀងស្រីនិយមលេងម៉ូតសម្លៀកបំពាក់ប្លែកៗ កញ្ញា ទេព បូព្រឹក្ស ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា កាន់តែមានភាពល្បីល្បាញខ្លាំងៗឡើងៗបន្ទាប់ពីបានចាប់ដៃគូជាមួយតារាចម្រៀងប្រុសសមត្ថិភាពចម្រុះ ជី ដេវីដ ដែលអ្នកទាំងពីរបានរួមគ្នាបង្កើតស្នាដៃថ្មីៗ និងប្លែកជានិច្ចដើម្បីតម្រូវតាមចិត្តគាំទ្រ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺបន្ទាប់ពីកញ្ញា ទេព បូព្រឹក្ស បានបង្ហាញហាងលក់សម្លៀកបំពាក់ និងគ្រឿងសម្អាងដ៏ធំមានឈ្មោះថា XTBP ដែលជាអាជីវកម្មរួមគ្នាជាមួយលោក ជី ដេវីដ ។

ក្រៅពីជាដៃគូដ៏ស័ក្ដិសមហើយនោះ តារារួមទ្រនំ ក្នុងផលិតកម្មរស្មីហង្សមាសទាំង ២នាក់នេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយគ្នា ខណៈដែលក៏មានការបកស្រាយជារឿយៗពីសំណាក់សាមីខ្លួនទាំងពីរថា គ្រាន់តែជាមិត្តស្និទ្ធស្នាលប៉ុណ្ណោះ ។

ទោះបីជាមានការបកស្រាយយ៉ាងនេះក្ដី ក៏នៅតែមិនអាចស្រាយមន្ទិលសង្ស័យរបស់អ្នកគាំទ្របានដែរ ព្រោះភាពស្និទ្ធស្នាលរបស់ កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីដ ហាក់ដូចជាលើសពីមិត្តភាពពោលគឺ គេតែងតែឃើញ ជី ដេវីដ ទិញសម្ភារៈមានតម្លៃជាច្រើនជូន ទេព បូព្រឹក្ស ព្រមទាំងពេលនេះ ពួកគេជះដើមទុនរាប់ម៉ឺនដុល្លារប្រកបអាជីវកម្មជាមួយគ្នាថែមទៀតផង នេះបើយោងតាម ទេព បូព្រឹក្ស បង្ហោះលើទំព័រហ្វេសប៊ុករបស់នាងថា «X TBP cosmetic នឹង Dit-Way fashion ចាប់បើកហើចាស ពួកយើងនឹងចាំអ្នកទាំងអស់គ្នានៅទីនេះ
នឹងមានប្រម៉ូសិនពិសេសសំរាប់អ្នកទាំងអស់គ្នា គ្រឿងសំអាង នឹងខោអាវស្អាតស្អាត នោះអី❤️️?? G-Devith ❌ TBP» ៕
សហការី KBN