ប្រទេសឥណ្ឌូនេស៊ី៖ យោងតាមភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍កាលពីព្រឹកមិញ ថ្ងៃទី២២ ឧសភា នេះថា ភ្នំ Merapi ដែលជាភ្នំភ្លើងមួយគួរឲ្យបារម្ភជាងគេ វាបានជះកម្អែរផេះកម្ពស់ប្រហែល ៣,៥០គីឡូម៉ែត្រឡើងទៅលើអាកាស ដែលនេះជាសញ្ញាប្រកាសអាសន្ន ត្រូវជម្លាសមនុស្សដែលរស់នៅជុំវិញតំបន់នោះ ចេញជាបន្ទាន់ផងដែរ ។

យោងតាមរបាយការណ៍ នៃភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កម្រឹតនៃការប្រកាសអាសន្ន ត្រូវបានបន្ថែមមួយកំរិតថែមទៀត តាំងពីកំរិតទាបបំផុត រហូតដល់កំរិតមួយដែលខ្ពស់បំផុត សម្រាប់ភ្នំភ្លើង Merapi នេះ ដោយភ្នំនេះស្ថិតនៅលើកោះជ្វា នៃតំបន់អាស៊ានផងដែរ ។

ភ្នំភ្លើងខាងលើនេះ ត្រូវបានគេសង្ស័យ និងប្រកាសអាសន្ន៤លើកមកហើយ គិតចាប់តាំងពីថ្ងៃម្សិលមិញ ហើយក៏មានមនុស្សប្រហែលជាង៦រយនាក់ ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព ហើយភ្នំភ្លើង Merapi នេះគឺស្ថិតនៅចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើងក្រុង Yogyakarta ដែលមានចំនួនប្រជាជនរស់នៅ ជាង២លាន៤សែននាក់ ក្នុងនោះមានមនុស្សរាប់ពាន់នាក់ មានទីលំនៅជុំវិញភ្នំ Merapi ខាងលើផងដែរ ៕

ប្រភព៖ សារព័ត៌មាន ស៊ិនហួរ