ខេត្តក្រចេះ៖ បុរសតិរច្ឆានម្នាក់គ្រាន់តែឮជីតារបស់ខ្លួនស្ដីប្រដៅបន្តិចបន្តួច បែរជាផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញពូថៅមកសំពងក្បាល ហើយរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

មន្ត្រីនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈីម ណារ៉ុង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។ រីឯជនរងគ្រោះ ឈ្មោះ ធូ ឈីម អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ។ ពួកគាត់ទាំង២នាក់ ត្រូវជាជីតា និងចៅ រស់នៅក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពដដែល បានឲ្យដឹងទៀតថា មុនពេលកើេតហេតុ ជនរងគ្រោះបានស្ដីបន្ទោសឲ្យចៅពីធ្វើស្នួហាលខោអាវ ដើម្បីឲ្យសួ្រលហាលខោអាវទៅថ្ងៃក្រោយ។ ប៉ុន្តែនៅពេលឮជីតាស្ដី និងប្រើឲ្យធ្វើ បែរជាគេផ្ទុះកំហឹងឡើង ស្ទុះទៅទាញពូថៅវាយសំពងទៅលើក្បាលជីតា បណ្ដាលឲ្យបែក​ហូរឈាមបាញ់ចេញមកក្រៅដូចអារកមាន់ រហូតសន្លប់ស្ដូកស្ដឹងតែម្ដង។ ឃើញហេតុការណ៍បែបនេះ ជនសង័្សយក៏បានរត់គេចខ្លួនបាត់​ស្រមោល។

ក្រោយពេលកើេតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែក។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមច្បាប់៕