អ៊ីរ៉ង់៖ កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់បានព្រមានទៅកាន់ រដ្ឋមន្ត្រីការបរទេសអាមេរិកថា ប្រជាជនអ៊ីរ៉ង់ នឹងវាយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឲ្យបែកកញ្ចប់មាត់តែម្តង ជាការឆ្លើយតបទៅនិងផែនការ របស់អាមេរិកថ្មី ដែលមានបំណងដាក់ទណ្ឌកម្ម មកលើប្រទេសអ៊ីរ៉ង់ ដោយធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ ។ នេះបើយោងតាមសម្តី របស់មេបញ្ជាការជាន់ខ្ពស់ នៃឆ្មាំការពារបដិវត្តន៍មួយរូប ដកស្រង់ដោយភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២២ ខែឧសភា នេះ ។

បើតាមសេចក្តីរាយការណ៍ បានថ្លែងថា មេបញ្ជាការរង​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កូវសារី (Ismail Kowsari) បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «ប្រជាជនអ៊ីរ៉ង់​ទាំងអស់ គួរតែរួបរួមគ្នា​ប្រឈមមុខ​នឹង​បញ្ហានេះ ហើយពួកគេ​នឹងវាយឱ្យ​បែកកញ្ចប់មាត់ ​របស់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និងអ្នក​ដែលគាំទ្រ​រូបលោក»។

គួរបញ្ជាក់ថា ប្រតិកម្ម​របស់លោក Ismail Kowsari កើតមានឡើង​បន្ទាប់ពី លោក Mike Pompeo បានស្នើឱ្យអ៊ីរ៉ង់ ​ផ្លាស់ប្ដូរគោល​នយោបាយដឹកនាំ​ប្រទេស និងនុយក្លេអ៊ែរ​របស់ខ្លួន ព្រមទាំងដោះ​លែង ជនជាតិ​អាមេរិកទាំងអស់, ដកទ័ព​ចេញពីស៊ីរីទាំងអស់, ឈប់គាំទ្រ​ពួកឧទ្ទាម ​ហួទី​នៅ​យ៉េមែន និងគម្រាម​កំហែង​អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ លោកក៏បាន​ព្រមាន ដាក់​ទណ្ឌកម្មធ្ងន់ធ្ងរបំផុត មិនធ្លាប់​មានក្នុង​​ប្រវត្តិសាស្ត្រ ប្រឆាំងនឹង​ទីក្រុងតេហេរ៉ង់​ផងដែរ បើនៅតែមិនព្រមប្តូរឥរិយាបទ​ដូចរាល់​ថ្ងៃនេះចោល៕