ខេត្ត​កំពង់ធំ​៖​ បុរសវិកលចរិតម្នាក់បានដុតផ្ទះខ្លួនឯង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសុំអន្តរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ​ថ្ងៃ​ចន្ទ​ ៧​កើត​ ខែជេស្ឋ​ ឆ្នាំច​ សំ​រឹ​ទិ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែ​ ឧសភា​ ឆ្នាំ​២០១៨​ នៅក្នុង​ភូមិ​ត្រពាំង​ក្រោល ​ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​ប​ល្ល័​ង្ក។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ផ្ទះជាមនុស្សវិកលចរិត ហើយគេតែងតែស្រែកឡូឡា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះម្ដងៗ នៅពេលណាជំងឺរបស់គេធ្វើទុក្ខ។ លុះមកដល់វេលាខាងលើ ស្រាប់តែម្ចាស់ផ្ទះបានយកភ្លើងទៅដុតផ្ទះរបស់ខ្លួនឯង បង្កឲ្យភ្លើងឆាប​ឆេះយ៉ាងសន្ធោសន្ធៅឡើង ធ្វើឲ្យអ្នកភូមិផ្អើលឆោឡោឡើង រត់ទៅជួយពន្លត់ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ។

​លោក​វរ​ស​នី​យ៍​ឯក​ ផល​ ធឿ​ន​ អធិការ​នគរបាល​ស្រុក​ប្រាសាទ​ប​ល្ល័ង្ក​ បានឲ្យដឹងថា ផ្ទះដែលរងនូវអគ្គិភ័យនោះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្ដារ មានម្ចាស់​ឈ្មោះ​ ទិ​ត​ ទី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ជាមនុស្សវិកលចរិត រស់នៅក្នុងភូមិ​កើតហេតុខាងលើ។​ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនោះ សមត្ថកិច្ច​បង្ការ ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​ប​ល្ល័​ង្ក​ បានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ ដោយបាញ់​ទឹក​អស់​ចំនួន៣​រថយន្ត ទើប​រលត់​អស់ទៅវិញ។ ប៉ុន្តែនៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែភ្លើងឆាបឆេះអស់សម្ភារ នៅក្នុងផ្ទះនោះតែប៉ុណ្ណោះ៕