បន្ទាប់ពីមានការស៊ែរ និងរិះគន់ទៅលើវីដេអូឃ្លីបមួយ កាលពីព្រឹកមិញនេះ ធ្វើឲ្យផ្អើលពេញបណ្តាញសង្គម ពីប៉ូលិសម្នាក់ បានលើកដៃទះកំផ្លៀងស្ត្រីម្នាក់ ដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ហើយមុននេះបន្តិច នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានឲ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍ អូឡាំពិកឈ្មោះ កៅ សំអុល ដែលបានប្រើអំពើហិង្សាលើស្ត្រីម្នាក់ នៅជិតផ្សារអូឡាំពិកនោះ ត្រូវបានឃាត់ខ្លួនហើយនាំមកកាន់ ស្នងការដ្ឋាន ដើម្បីអនុវត្តន៍តាមវិន័យ កងកម្លាំងនគរបាលជាតិ ។

បើតាមនគរបាល ខណ្ឌចំការមន បានឲ្យដឹងផងដែរថា មូលហេតុដែលលោកប៉ូលិសខាងលើ ប្រើហិង្សាទះកំផ្លៀងទៅលើស្ត្រីរូបនោះ ដោយសារតែស្ត្រីរូបនោះ បានក្រវៀសដៃប៉ះចំទូរស័ព្ទរបស់ លោក កៅ សំអុល បណ្តាលឲ្យធ្លាក់បែក ទើបធ្វើឲ្យលោក កៅ សំអុល ខឹងទប់កំហឹងអត់ជាប់ ក៏បានទះកំផ្លៀងស្ត្រីនោះតែម្តង ដោយលោកបានបញ្ជាក់ផងដែរថា ស្ត្រីរូបនោះត្រូវបាននគរបាល ហៅធ្វើការត្រួតពិនិត្យ ដោយសារតែមិនបានពាក់មួកសុវត្ថិភាព ពេលកំពុងបើកបរ ៕