ខេត្តកំពត​ ៖​ ក្មេងស្រីរងគ្រោះ២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា ត្រូវបានបុរសល្មោភកាមម្នាក់ ចាប់រំលោភបានសម្រេច ពេលដែលឪពុកម្តាយរបស់នាង មិននៅផ្ទះ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ។

យោងតាមលោកស្នងការ ខេត្តកំពតបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា ដោយទី១ឈ្មោះ ច ន អាយុ១២ឆ្នាំ (ត្រូវជនសង្ស័យរំលោភបានសម្រេច) និងចំណែកក្មេងស្រីម្នាក់ទៀត ឈ្មោះ ជ ចន អាយុ១២ឆ្នាំដូចគ្នា (ជនសង្ស័យរំលោភមិនបានសម្រេច) ។ ចំណែកបុរសល្មោភកាម ជាជនសង្ស័យមានឈ្មោះ បេង រឹម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

បើតាមការរៀបរាប់ របស់លោកស្នងការខេត្ត បានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យជនល្មើស មានឱកាសចូលរំលោភ ក្មេងស្រីរងគ្រោះទាំង២នោះ គឺមកពីឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះ មិននៅផ្ទះ ដោយពួកគាត់នាំគ្នា ទៅចម្ការបាត់អស់ ទុកឲ្យក្មេងស្រីទាំង២ នៅចាំផ្ទះតែ២នាក់បងប្អូន ។ ក្រោយពីទទួលបានពាក្យបណ្តឹង ពីឪពុកម្តាយកុមាររងគ្រោះទាំង២នាក់ សមត្ថកិច្ចខេត្តកំពត បានចុះទៅចាប់ខ្លួនជនសង្ស័យ ហើយបានកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់ ៕