ក្រោយពីមានអ្នកលួចថតបាន ហើយបង្ហោះវីដេអូឃ្លីប នូវទង្វើដ៏អសីលធម៌បំផុតមួយ របស់មន្ត្រីប៉ូលិសមួយរូប ដែលបានលើកដៃវាយទៅលើ អ្នកជិះម៉ូតូដែលជាស្ត្រីទន់ខ្សោយម្នាក់ នៅមុខសាធារណៈជនជាច្រើន ធ្វើឲ្យមានការរិះគន់ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ូក ដោយហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែឧសភា នេះ នៅចំណុចផ្លូវមួយ ក្បែរផ្សារអូឡាំពិក។

នៅក្នុងវីដេអូនេះ គឺបានឃើញមន្ត្រីប៉ូលិសម្នាក់ បានយាដៃទៅវាយលើស្ត្រីម្នាក់ ដែលកំពុងតែអង្គុយនៅលើម៉ូតូ ពេញទំហឹង ដោយមិនបានគិតថា ខ្លួនជាមន្ត្រីមានសមត្ថកិច្ចបំរើប្រជាពលរដ្ឋនោះឡើយ ទោះបីជាស្ត្រីនោះខុស ឬសម្តីរបស់គាត់ លើសលួសបែបនេះក្តី គាត់នៅតែជាស្ត្រីទន់ខ្សោយម្នាក់ ហើយខ្លួនឯងជាបុរស និងជាមន្ត្រីប៉ូលិសថែមទៀត បែរជាហ៊ានធ្វើអំពើបែបនេះ នៅមុខសាធារណជនទៀតផង។

បន្ទាប់ពីបង្ហោះវីដេអូនេះរួច មានអ្នកខមិនយ៉ាងច្រើន បានធ្វើការស្តីបន្ទោសទៅលើ ប៉ូលិសខាងលើដែលបាន វាយទៅលើស្ត្រីភេទទន់ខ្សោយ ដោយអ្នកខ្លះបាននិយាយថា ធ្វើជាប៉ូលិស ហើយជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថទៀត បែរជាវាយទៅលើស្ត្រីទន់ខ្សោយម្នាក់ ដែលគ្នាកំពុងតែអង្គុយនៅលើម៉ូតូ ហើយមតិភាគច្រើន ក៏បានស្នើសុំទៅឯកឧត្ត នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការ ទៅលើទង្វើដ៏ព្រៃផ្សៃរបស់ប៉ូលិស ម្នាក់នោះផង ៕