ប្រទេសកូរ៉េ៖ នារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ថា ជាតារាដ៏ល្បីមួយរូប ក្នុងបណ្តាញសង្គមយូធូប និងហ្វេសប៊ូក បានដាច់ចិត្តបង្ហោះវីដេអូឃ្លីបមួយ ដោយរៀបរាប់ពីការចាញ់បោកគេ ដោយនាងបានចុះកុងត្រា ទាំងងងឹតងងុល ដោយគិតថា ជាកុងត្រាថតខ្សែភាពយន្តធម្មតា តែពេលដែលនាងចាប់ផ្តើមថត គឺអ្នកដឹកនាំរឿង ឲ្យនាងថតរឿងអាសអាភាសទៅវិញ ពេលដែលមើលកុងត្រា ទើបដឹងថា ចាញ់បោកគេ ព្រោះតែចង់បានក្លាយជាតារាល្បី ។

វីដេអូដែលនាងបានបង្ហោះនោះ ធ្វើឲ្យមានការស៊ែរកក្រើក បណ្តាញសង្គមនៅក្នុងប្រទេសកូរ៉េ ដោយនាងបានលាតត្រដាងការពិតនូវរឿងរ៉ាវដ៏ឈឺចាប់ លាយឡំជាមួយនឹងទឹកភ្នែក យំបណ្តើរ និយាយរៀបរាប់បណ្តើរ ក្រោយពីនាងបានឃើញរូបភាពអាសអាភាស និងរូបភាពអាក្រាតកាយរបស់នាង ជាច្រើនសន្លឹក ត្រូវបានគេបង្ហោះចែកចាយ នៅលើបណ្តាញអ៊ីនធើណេត ល្បីពេញប្រទេស ។

នាងបានបញ្ជាក់ពីរឿងរ៉ាវដ៏សែនឈឺចាប់នេះ គឺបានកើតឡើង កាលពី៣ឆ្នាំមុន គឺពេលដែលនាងមានអាយុ២០ឆ្នាំ ហើយនៅពេលនោះនាងមានចរិតនៅក្មេងខ្ចី មិនបានគិតវែងឆ្ងាយ ចង់ក្លាយជាតារាសម្តែងល្បីម្នាក់ ទើបនាងបានទៅដាក់ពាក្យ ធ្វើសម្ភាសន៍នៅក្រុមហ៊ុនថតភាពយន្តមួយ ហើយនាងបានសម្រេចចិត្តចុះកុងត្រាភ្លាមៗ ជាមួយនឹងក្រុមហ៊ុននោះ តែនាងមិនបានពិនិត្យមើលកុងត្រា ឲ្យបានច្បាស់លាស់នោះឡើយ ដោយនាងបានគិតថា វាជាការងារក្រៅម៉ោង ដោយដើរតួជាតារាម៉ូដែលស្រីតែប៉ុណ្ណោះ ។

នាងបានបញ្ជាក់បន្តថា កាលនោះនាងចុះកុងត្រា គឺត្រឹមតែការថតម៉ូដែល ចំនួន៥សន្លឹកតែប៉ុណ្ណោះ ដោយថៅកែបានប្រាប់ថា នេះគឺជាការថតរូប បែបលក្ខណៈសាមញ្ញតែប៉ុណ្ណោះ គ្រាន់តែមានទម្រង់ស្តាយថតខុសៗគ្នា ប៉ុន្តែក្នុងចំណោមនោះ ត្រូវតែមានរូប១សន្លឹក ដែលមានលក្ខណៈសិចស៊ីជាងគេផងដែរ ។ ពេលនោះថៅកែភាពយន្តបានប្រាប់នាងថា គ្រប់តារាៗទាំងអស់សុទ្ធតែធ្លាប់ត្រូវឆ្លងកាត់គ្រប់លក្ខខណ្ឌ នៃការថតទាំងអស់នេះ ហើយបើចង់ក្លាយជាតារាម៉ូដែលល្បី គឺត្រូវគោរពតាមលក្ខខណ្ឌរបស់គេ ដែលមានចែងនៅក្នុងកុងត្រា ។

តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ខ្លួនថា ចាញ់បោកគេនោះ គឺនៅពេលដែលគេឲ្យនាងថតឈុតអាសអាភាស តែនាងប្រកែក ពួកគេបានប្រើហិង្សាមកលើរូបនាងថែមទៀតផង។ នៅពេលនោះហើយ ទើបនាងភ្ញាក់ខ្លួនថា នាងកំពុងតែត្រូវបានគេបោកយកខ្លួនប្រាណដើម្បី​ថត​ឈុតអាសអាភាស។ អ្វីដែលនាងឈឺចាប់នោះ គឺត្រូវបានថៅកែគំរាមនាងថា ត្រូវតែធ្វើតាមលក្ខខណ្ឌកុងត្រាទាំងអស់ ដែលនាងបានចុះហត្ថលេខាយល់ព្រមជាមួយពួកគេ បើមិនដូច្នោះទេ ពួកគេនឹងប្តឹងនាង ហើយបើគេប្តឹងហើយ គឺនាងគ្មានសិទ្ធិបានធ្វើជាតារាសម្តែងទៀតឡើយ ៕