ថ្មីៗកន្លងមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាបង្ហាញម៉ូដ Sinon Loresca ជាបុរសភេទទី៣ របស់ហ្វីលីពីន ដែលគេដាក់ឈ្មោះឲ្យថា ស្តេចម៉ូដនោះ បានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជាយើង និងបានបង្កើតឈុតឆាកជាច្រើន ដែលធ្វើឲ្យប្រជាជនកម្ពុជា មានការភ្ញាក់ផ្អើលទៀតផង ដោយអ្នកខ្លះរិះគន់ថា ដូចឆ្កួត… ហើយអ្នកខ្លះទៀត សរសើរថា ជាសិល្បៈ នៃការបង្ហាញម៉ូដមួយ…ជាដើម ។

ជាមួយគ្នានោះដែរ អាចារ្យធំ នគររាជ ដែលត្រូវបានគេស្គាល់លោកថា ជាអ្នកអភិរក្សវប្បធម៌ខ្មែរ ហើយកាលពីមុនលោកបាន ធ្វើការរិះគន់តារាជាច្រើននាក់ ដែលបាននិពន្ធបទបែកស្លុយ ក៏ដូចជាសកម្មភាពផ្សេងទៀត ដែលលោកគិតថា ធ្វើឲ្យបាត់បង់ និងប៉ះពាល់ដល់ប្រពៃណីខ្មែរ ។ តែពេលនះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ហាក់ដូចជាមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយលោកបានធ្វើការសរសើរ តារាភេទទីបីហ្វីលីពីន ដែលបានមកប្រទេសកម្ពុជា ហើយស្លៀកឈុតប្លែកៗ ស្ទើរតែចេញប្រដាប់ប្រដាទៅហើយនោះ ។

ដោយមិនអត្ថាធិប្បាយ យើងខ្ញុំសូមលើកយក សម្តីរបស់លោក ដែលលោកបានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារដូចខាងក្រោម ៖

ចំពោះខ្ញុំ ខ្ញុំយល់ថាវាជាធម្មជាតិ ដែលបង្កើតមកឲ្យគាត់មានរាងកាយផ្សេងពីចរិត គាត់មិនបានកែភេទដើមរបស់គាត់ទេ តែគាត់បានច្នៃរូបរាងគាត់ អោយក្លាយជាសិល្បៈមួយប្លែក ដែលអ្នកផ្សេងពិបាកធ្វើដូច ។ ទោះបីជាយ៉ាងណា គាត់មិនបានធ្វើអោយខូចផលប្រយោជន៍ នរណាម្នាក់ឡើយ ហើយគាត់ក៏បានជួយសង្គមគាត់ច្រើនដែរ ដូចជាក់ស្ដែង គាត់មកដល់កម្ពុជា គាត់បានធ្វើរឿងល្អៗ ចែករំលែកស្នាមញញឹមដល់កម្ពុជា! ខុសប្លែកពីមនុស្សខ្លះ ដែលមានរូបរាងត្រឹមត្រូវ តែបែរជាបំផ្លាញសង្គមជាតិខ្លួនឯង អង្គុយក្អាកក្បាយសប្បាយ លើគំនរទុក្ខអ្នកក្រទៅវិញ ៕