សិល្បៈ៖ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចច្រកចូលអាងទឹក បុរីពិភពថ្មី សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ មានករណីម្ចាស់រថយន្តមួយគ្រឿងបានបើកដេញបុកយុវជនម្នាក់ បណ្ដាលឱ្យជនរងគ្រោះបើកទៅបុករបងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ ហើយគិតមកទល់ពេលនេះ រយៈពេល១០ថ្ងៃហើយ ជនរងគ្រោះនៅតែមិនទាន់ធូរស្បើយ និងត្រៀមយកទៅសង្គ្រោះបន្តនៅប្រទេសវៀតណាម នេះបើយោងតាម ការនិយាយរបស់នាយ ពាក់មី ដែលអះអាងថា ជនរងគ្រោះគឺប្អូនប្រុសរបស់នាយ ។

នាយ ពាក់មី ដែលជាតារាកំប្លែងកំពុងទទួលបានជោគ​ជ័យខ្លាំង បានឱ្យដឹងតាមរយៈវីដេអូឃ្លីបរបស់នាយថា ជនរងគ្រោះគឺជាប្អូនប្រុសរបស់នាយ ត្រូវបានជនមិនស្គាល់បើករថយន្តដេញបុក បណ្ដាលឱ្យជនរងគ្រោះមានការភិតភ័យហើយក៏បើកម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកក្រុមគ្រួសារក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានទៅពាក្យប្ដឹងសមត្ថកិច្ចខណ័ឬស្សីកែវ ប៉ុន្តែមកទល់ពេលនេះរយៈពេល ១០ថ្ងៃទៅហើយ នៅមិនទាន់ឃើញចំណាត់ការរបស់សមត្ថកិច្ចឡើយ ។

តារាកំប្លែងមានដើមកំណើតជាជាងសំណង់ខាងលើបានបញ្ជាក់ថា ស្ថានភាពប្អូនប្រុសរបស់នាយនៅមិនទាន់បានធូរនៅឡើយទេ ខណៈដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដូចនេះហើយ ក្រុមគ្រួសារកំពុងត្រៀមបញ្ជូនបន្តទៅប្រទេសវៀតណាម ។

ជាមួយគ្នានេះ នាយ ពាក់មី ក៏បានសរសេរសារមួយនៅលើទំព័រហ្វេសប៊ុករបស់នាយថា «នៅយប់ថ្ងៃទី10ខែ៥ ឆ្នាំ2018នេះឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ អោយឃាតក បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ័ឬស្សីកែវមិនទាន់ហៅឃាតករមកដោះស្រាយបានទេ» ៕
សហការី KBN