សិល្បៈ៖ ដោយសារតែបាក់ទឹកចិត្ត និងតូចចិត្តខ្លួនឯងមិនអាចរកប្រាក់ព្យាបាលជម្ងឺឪពុក លោក ចាប់ សំណាង ហៅឌីជេ ក្ដិប បានប្រកាសឈប់ពីវិស័យនិពន្ធ ដែលខ្លួនបានតស៊ូរយៈពេល ៩ឆ្នាំ ដែលការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ។

ជាថ្មីម្ដងទៀតនេះ ឌីជេ ក្លិប បានបង្ហោះសារមួយហាក់ដូចជាចង់បង្ហាញក្ដីសប្បាយរីករាយជាថ្មី បន្ទាប់ពីលោកទទួលបានការលើកទឹកចិត្តយ៉ាងពិសេសពីសំណាក់តារាចម្រៀងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក ខេមរៈ សិរីមន្ត ដែលទស្សនិកជនស្គាល់ច្បាស់ថា ពួកគាត់ទាំងពីរនាក់ជាដៃគូចាស់នឹងគ្នាកាលនៅក្នុងផលិតកម្មសាន់ដេ ហើយបទដែលពួកគាត់រួមគ្នាទទួលបានភាពជោគជ័យមានដូចជាបទ «បើកលុយ» «ចង់ទៅណា» «សុំទោស» និងមានបទជាច្រើនទៀត ។

នៅក្នុងសារនោះឌីជេ ក្លិប បានសរសេរថា «អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ បងមន្ត!ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ» ។

សារបន្តថា «មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអុីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន) អុីចឹង!តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។ ដូច្នេះ!ដល់វគ្គចម្រៀង២៣០បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (ដែលប្អូនតស៊ូ៩ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)» ។

ក្រៅពីបង្ហាញសារដ៏រំភើបមួយនេះ លោក ចាន់ សំណាង ហៅ ក្ដិប ថែមទាំងបានបង្ហាញការសន្ទនារបស់លោក និង លោក ខេមរៈ សិរីមន្ត ផងដែរ ៕
សហការី KBN