ភ្នំពេញ៖ តារាសម្តែង កញ្ញា មាន សូនីតា ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា រាជិនីក្រមានោះ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញម៉ូតថ្មីទៀតហើយ ដែលច្នៃដោយក្រមាខ្មែរមួយឈុត ដែលមើលទៅប្លែកភ្នែក ហើយស្រស់ស្អាតយ៉ាងខ្លាំង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន សរសើរពីស្នាដៃច្នៃប្រឌិតរបស់នាង យ៉ាងខ្លាំង ។

យោងទៅលើរូបភាព នៃការបង្ហោះរបស់គណនីតារាសម្តែងម្នាក់នេះ បានប្រាប់ថា ឈុតដែលនាងកំពុងតែស្លៀកបង្ហាញនោះ គឺនាងច្នៃពីក្រមាដែលយកម៉ូដែល តាមសម័យទំនើបលាយជាមួយសម័យបុរាណខ្មែរ ដើម្បីត្រៀមជាពិសេស សម្រាប់ចូលរួមក្នុងកម្មវិធី ឈ្មោះថា “ជឿថាខ្មែរធ្វើបាន” ដែលនឹងចូលមកដល់នាថ្ងៃអាទិត្យ ទី២០ ខែឧសភា ខាងមុខនេះ នៅសាលាតម្បាញក្រមា១ពាន់ម៉ែត្រផងដែរ ។

តារាសម្តែងដែលមានរូបសម្រស់ ស្រស់ស្អាតពីធម្មជាតិម្នាក់នេះ បានសម្តែងនូូវមោទនាភាពយ៉ាងខ្លាំង ដែលនាងបានបង្កើតអ្វី ដែលជាស្នាដៃរបស់ខ្លួនឯង មិនចម្លងពីបរទេស ហើយក៏បានបង្ហាញពីអត្តសញ្ញាណជាតិមួយ ឲ្យពិភពលោកបានស្គាល់ ពីក្រមារបស់ខ្មែរថា បើយកមកកែច្នៃម៉ូដសម្លៀកបំពាក់នោះ គឺពិតជាមិនចាញ់ម៉ូដរបស់បរទេសនោះឡើយ ៕