សិល្បៈ៖ ទស្សនិកជនមួយចំនួនធំបានស្គាល់រួចមកហើយ នូវតារាចម្រៀង និងសម្ដែងយេយេ និយមស្លៀកពាក់សិចស៊ី គឺអ្នកនាង ម៉ៅ សុចាន់ធី ដែលបច្ចុប្បន្ននេះ អ្នកនាងបានវ័យជាង ៤០ ក្បែរ ៥០ឆ្នាំហើយ ប៉ុន្តែដោយសារកែថែរក្សាសម្រស់ និងពូកែតុបតែងខ្លួនផងនោះ ទើបសម្រស់របស់អ្នកនាង នៅតែស្រស់ស្អាតដូចក្មេងជានិច្ច ។

ជួបជាមួយអ្នកនាង ម៉ៅ សុចាន់ធី ផ្ទាល់ អ្នកនាងបានផ្ដល់បទសម្ភាសន៍ឱ្យដឹងពីខ្សែជីវិតខ្លះៗរបស់អ្នកនាងថា អ្នកនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែង ក៏ដូចជាចូលច្រៀងតាមហាង រង្គសាលនានាក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ហើយដោយសារមានទឹកដមសំឡេងពិរោះ ព្រមទាំងមានសម្រស់ស្អាត សិចស៊ីបញ្ចេញដើមទ្រូង និងគល់ភ្លៅផងនោះ ទើបអ្នកនាងទទួលបានកេរ្តិឈ្មោះល្បីគួរសមនាកំលុងពេលនោះ ដូចនេះហើយ ទើបនៅឆ្នាំ ១៩៩៦ អ្នកនាង ម៉ៅ សុចាន់ធី បានឱកាសទៅច្រៀងជាភ្ញៀវកិត្តិយសនៅសហរដ្ឋអាមេរិក ក្រោយមកទៀតនៅឆ្នាំ ១៩៩៧ អ្នកនាងក៏បានទៅច្រៀងនៅប្រទេសអូស្ត្រាលីម្ដងទៀត ។

អ្នកនាង ម៉ៅ សុចាន់ធី បានឱ្យដឹងទៀតថា ក្រៅពីច្រៀងតាមរង្គសាលនានានៅក្នុងទីក្រុងភ្នំពេញ អ្នកនាងក៏បានចូលរួមសម្ដែងកាយវិការខារ៉ាអូខេ ព្រមទាំងច្រៀងថតដាក់ស៊ីឌីឱ្យផលិតកម្មទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបានសម្ដែងរឿងជាច្រើនផងដែរ ហើយរហូតដល់ឆ្នាំ ២០០៥ អ្នកនាង ក៏បានទៅរស់នៅសហរដ្ឋអាមេរិកតែម្ដង ក្នុងទីក្រុងវ៉ាសិនតោន ។

ក្នុងរយៈកាលជាង ១០ឆ្នាំមកនេះ អ្នកនាង ម៉ៅ សុចាន់ធី បានមកលេងប្រទេសកំណើតចំនួន ២ដងមកហើយ លើកទី ១ក្នុងឆ្នាំ ២០១៤ និងលើទីឆ្នាំ ២០១៦ ហើយសម្រាប់វត្តមានមកលេងប្រទេសកំណើតនេះ អ្នកនាងក៏ត្រូវបានស្ថានីយទូរទស្សន៍មួយចំនួនអញ្ជើញជាភ្ញៀវកិត្តិយស ឡើងបកស្រាយសំនៀង ដែលមានដូចជាទូរទស្សន៍ បាយ័ន CTN និង អាស៊ីអាគ្នេយ៍ជាដើម ។

អ្នកមេម៉ាយសាច់ខ្ចីខាងលើបានបន្តឱ្យដឹងថែមទៀតថា កាលពីអ្នកនាងទៅរស់នៅសហរដ្ឋអាមេរិកដំបូងអ្នកនាង មិនទានបានការងារធ្វើទេ ដោយអ្នកនាងត្រឹមតែជាអ្នកកាត់ផ្កាក្រណាត់លក់ និងកាត់ខោអាវឱ្យគេតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកអ្នកនាងក៏បានទៅរៀនភ្នែក Dealer នៅក្នុងកាស៊ីណូមួយនៅឯទីក្រុងវ៉ាសិនតោន ហើយមួយឆ្នាំក្រោយមកអ្នកនាងក៏បានការងារធ្វើនៅកាស៊ីណូនោះ រហូតមកដល់សព្វថ្ងៃនេះ ។

ក្រោយមកទៀតអ្នកនាងក៏បានជួបប្រទះជម្ងឺកាចសាហាវមួយ គឺជម្ងឺមហារីក ប៉ុន្តែដោយសារតែខិតខំព្យាបាលតាមបែបវេជ្ជសាស្ត្រ និងបុរាណខ្មែរ (ថ្នាំខ្មែរស្លឹកទាបបារាំង ដាំទឹក ៣ យកទឹក ០.៥) ជម្ងឺរបស់អ្នកនាងក៏បានជាសះស្បើយរហូតដល់សព្វថ្ងៃ ប៉ុន្តែត្រូវលេបថ្ងៃរហូតក្នុងថ្ងៃ ២គ្រាប់ដើម្បីការពារកុំឱ្យមេរោគនេះត្រឡប់មកវិញ ។
អ្នកនាង ម៉ៅ សុចាន់ធី ក៏បានរៀបរាប់ទៀតថា ក្រៅពីធ្វើការ អ្នកនាងក៏ត្រូវបានប្រជាពលរដ្ឋខ្មែរនៅទីនោះ អញ្ជើញជាតារាកិត្តិយសឡើងច្រៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងកម្មពិធីជប់លៀងជាដើម ។

ក្រឡេកមើលអតីតកាលរបស់អ្នកនាង ម៉ៅ សុចាន់ធី អ្នកនាងបានឱ្យដឹងថា អ្នកនាងធ្លាប់បានថតបានចំនួនជាង ១០រឿងដែរ ក្នុងនោះមានរឿង «ស្ដេចដំរីស» «ផ្ការាំទឹករាំ» ទំនុកជប់ព្រីង» «ភូមិគ្រឹះកណ្ដា» «អ្នកនាងបំរើ» «ស្នេហ៍ពីរជាតិ» «បក្សីចាំក្រុង» និងមានរឿងជាច្រើនទៀតដែលអ្នកនាងមិនអាចរៀបរាប់អស់ ហើយសម្រាប់បទចម្រៀងដែលអ្នកនាងទទួលបានភាពល្បីល្បាញគឺបទ «ស្រឡាញ់ប្ដីគេ» ដោយអ្នកនាងបញ្ជាក់ថា ឱ្យតែប្រជាពលរដ្ឋអ្នកគាំទ្រនឹកឈ្មោះអ្នកនាង គឺតែងតែនឹកឃើញបទនេះជានិច្ច ។

និយាយពីរឿងស្នេហា អ្នកនាងបានប្រាប់ថា រឿងជីវិតស្នេហារបស់អ្នកនាង វែងឆ្ងាយខ្លាំងណាស់ ប៉ុន្តែអ្នកនាងមិនចង់រំឭកព្រោះតែងតែធ្វើឱ្យអ្នកនាងឈឺចាប់ ប៉ុន្តែថ្វីបើអ្នកនាងជាស្ត្រីមេម៉ាយពិតមែន ក៏មិនខ្វះអ្នកស្រឡាញ់ដែរ ទាស់ត្រង់ថាអ្នកនាងមិនពេញចិត្ត និងមិនចង់បានដៃគូជីវិតបន្តទៀតឡើយ ៕
សហការី KBN