ខេត្តព្រៃវែង៖ កាលពីរសៀល ថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកកញ្ច្រៀច បានចុះទៅចាប់ខ្លួនបុរសម្នាក់ ពីករណីគំរាម និងរំលោភក្មួយស្រីរបស់ខ្លួន តាំងពីនាងអាយុ១៣ឆ្នាំ រហូតដល់អាយុ១៦ឆ្នាំ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ ណ រ ន អាយុ១៦ឆ្នាំ មានទីលំនៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ចំណែកជនសង្ស័យជាឪពុកមា ឈ្មោះ វ៉េង រីណៃ អាយុ៤០ឆ្នាំ ផ្ទះជិតគ្នា ដែលត្រូវជាក្មួយនិងពូ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ ចេះតែនឹកសង្ស័យកូនស្រីរបស់ខ្លួន ព្រោះតែនាងមានសុខភាពស្គមស្គាំង ស្លេកស្លាំង មិនសូវញ៉ាំបាយ ក៏បានសួរនាំនាងថា តើកូនមានជំងឺអ្វី? តែនាងចេះតែព្យាយាមកុហកថា នាងមិនមានជំងឺអ្វីឡើយ លុះដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ឪពុករបស់ក្មេងស្រី បានឃើញជនសង្ស័យនៅជាមួយកូនស្រីរបស់ខ្លួន នៅមុខបន្ទប់ទឹក នៅខាងក្រោយផ្ទះ ដោយបម្រុងរៀបចំរួមភេទទៅហើយ ។

ក្រោយពីបានដឹងថា គាត់ទៅឃើញហើយ ជនសង្ស័យក៏បានរត់គេចចេញពី កន្លែងនោះបាត់ទៅ នៅតែកូនស្រីរបស់គាត់ កំពុងតែលើកខោស្លៀកវិញ គាត់ក៏សួរកូនស្រីម្តងទៀត តែកូនស្រីពុំព្រមប្រាប់ទាល់តែសោះ ។ នៅថ្ងៃបន្ទាប់ ឪពុកម្តាយក៏បានប្រើវិធីលួងលោម សួរនាំកូនស្រីនិងជជីកសួរ រហូតទាល់តែនាងព្រមរៀបរាប់ ប្រាប់ការពិតថា រូបនាងត្រូវបានពូ វីណៃ ចាប់រំលោភជាច្រើនលើកច្រើនសារ រាប់មិនអស់ក្នុងពេលដែល ឪពុកម្តាយមិននៅផ្ទះ។

ក្មេងស្រីរងគ្រោះ ក៏បានបន្តប្រាប់ទៀតថា រូបនាងត្រូវបានជនដៃដល់ ចាប់រំលោភ តាំងពីនាងអាយុ១៣ឆ្នាំមកម្ល៉េះ រហូតមកដល់ពេលនេះ បាន៣ឆ្នាំហើយ។ បន្ទាប់ពីដឹងការពិត ឪពុកម្តាយរបស់នាង ទ្រាំលែងបានក៏បានទៅប្តឹង សមត្ថកិច្ចនៅព្រឹកថ្ងៃទី១៥ ឧសភា ២០១៨ ដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួន ពូល្មោភកាមនោះភ្លាមៗផងដែរ ។ បច្ចុប្បន្នបុរសដែលរំលោភ ក្មួយស្រីរបស់ខ្លួននោះ ត្រូវបាននគរបាលស្រុកកញ្ច្រៀច កសាងសំណុំរឿងចាត់ការ តាមនិតិវិធី ៕