ចែករំលែក

ខេត្តក្រចេះ​៖ ក្មេងស្រីអាយុ១១ឆ្នាំបានពុលហតដក ហើយស្លាប់ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះ អស់រយៈពេល២ថ្ងៃ នៅក្នុងមន្ទី​រពេទ្យ​​​ ឯរាជធានី​ភ្នំពេញ។

លោក​ ឈិ​ត ណ​ន មេឃុំ​កំពង់ចាម បាន​​ឱ្យដឹង ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា នេះ​​ថា ក្មេង​ស្រី​រងគ្រោះ ​ឈ្មោះ​កាន់ ស្រី​និ​ត អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​អំពិលទឹក​ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ។ មុនពេលកើតមាននូវគ្រោះអកុសលនោះ ក្មេងស្រីរងគ្រោះ​​បាន​ទិញ​​ហតដកពី​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះរបស់​​នាង។ ក្រោយ​ពេល​ហូប​រួច នាង​បាន​ឡើង​ទៅ​សំងំ​ដេក​នៅ​លើ​ផ្ទះ​ ​រយៈពេល​ជិត​៤​ម៉ោង ទើបឪ​​ពុក​​​នាង​បានឡើង​​ទៅ​ដាស់ ក៏​ឃើញ​ក្មេង​ស្រី​រង​គ្រោះមាន​អាកា​ររវើរវាយ​ ក្អួតចង្អោរ​ ទន់​ដៃជើង រហូត​ប្រកាច់រហូត​បែកពពុះមាត់​។

លោកមេឃុំ បានបន្តថា បន្ទាប់ពីឃើញអាកា​រ​​បែប​នេះ ក្រុម​គ្រួ​សារបាន​បញ្ជូនន​នាង​ទៅ​សង្គ្រោះ ​នៅ​ក្នុងមន្ទីរពេទ្យ តែ​ដោយសារស្ថានភាព​​ពុល​ធ្ងន់ពេក ទើប​បញ្ជូន​បន្ត​ទៅមន្ទីរ​ពេទ្យ ​នៅ​ឯរាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​ ហើយនាងបាន​ស្លាប់ ​កាលពី​យប់​ថ្ងៃ​ទី​១៥ ឧសភា​ ។

​លោក​មេឃុំ បាន​បញ្ជាក់​ថា នៅពេលកើតមានករណីនេះ គឺនំ​បញ្ចប់​ជា​ច្រើន​ ក៏​ដូច​ជា​ប៉ាត់​តេ​កញ្ចប់ ត្រូវ​បាន​នគរបាល​ប្រមូល​យក​ពី​ផ្ទះ​របស់អ្នកលក់​គ្រឿងទេសនោះ ដើម្បី​យក​ទៅ​ធ្វើកោសល្យ​វិ​ច័​យ​ ឲ្យបានច្បាស់លាស់ រកពីមូលហេតុ នៃការពុលនេះ៕