Home ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់បើកបុករថយន្តសៀនណា ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់

ចែករំលែក

ខេត្តបាត់ដំបង​៖ រថយន្ត២គ្រឿងបានបើកបោះពួយយ៉ាងលឿន រេចង្កូតទៅបុកគ្នាពេញទំហឹង ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងអណោចអធ័ម និងម្នាក់ផ្សេងទៀតរងរបួស ​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៦​ ខែឧសភា ឆ្នាំ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុម​ទី​៩ ​​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ។


ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ 4A-2001 បានបើក​បោះ​​ពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើត​ទៅ​លិច បញ្ច្រាសទិសគ្នាជាមួយនឹងរថយន្តមួយគ្រឿង ម៉ាកសៀនណា ពណ៌ស​ ពាក់​ស្លាក​លេខ​ ​បាត់ដំបង 2C-6878។

លុះពេលរថយន្តទាំងពីរគ្រឿងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបររថយន្តបង្ក​ ​បានបន្ថែមល្បឿនឡើងជែងនឹងរថយន្តមួយគ្រឿងផ្សេងទៀត តែវ៉ាមិនផុត ក៏ជ្រុលចង្កូតទៅបុករថយន្តរងគ្រោះ ធ្វើឲ្យរថយន្តទាំង២​គ្រឿងក្រឡាប់ផ្ងារជើង កៀបអ្នកបើកបររថយន្តរងគ្រោះ ស្លាប់យ៉ាងអណោចអធ័ម នៅក្នុងកាប៊ីន។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីនគរបាលចរាចរស្រុកសង្កែ បានឲ្យដឹងថា រថយន្តបង្ក ពាក់​ស្លាក​លេខ​ ភ្នំពេញ 4A-2001 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពីព្រោះគេរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។ រីឯរថយន្តរងគ្រោះ ម៉ាកសៀនណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-6878 បើកបរ​ដោយ​ឈ្មោះ​ ហេង សុខ​អេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (ស្លាប់) ​មុខរបរ​​​ដឹក​គ្រឿង​បន្លាស់​ទូរស័ព្ទ​ដើរ​បោះ​ឲ្យ​ម៉ូយ រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង​អ្នក​រួម​ដំណើរ​ជាមួយម្នាក់​ឈ្មោះ ​ឈឿ​ន វិ​សែន ភេទ​​ប្រុស ​អាយុ​១៧​ឆ្នាំ របួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងគាស់រថយន្តយកសាកសពរបស់ជនរងគ្រោះ ហើយធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕