សិល្បៈ៖ ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តភាគខ្មែរតាមកញ្ចក់ទូរទស្សន៍នានា ជាពិសេសស្ថាននីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និង PNN ច្បាស់ជាស្គាល់ តារាសម្ដែងថ្មីវ័យ ២៨ឆ្នាំ លី ឌីណា ជាក់ជាមិនខាន ។
កញ្ញា លី ឌីណា ជាតារាទើបរះម្នាក់មានរូបរាងស្រស់ស្អាត សម្ដីផ្អែម និយមចូលចិត្តការតែងខ្លួនសិចស៊ី តែងតែបង្ហាញសមត្ថភាពសម្ដែងរបស់នាងបានយ៉ាងល្អឥតខ្ចោះ ជាពិសេសតួអង្គកាចឆ្នាស់ ព្រមទាំងដើរតួរជាតួអង្គខ្មោចបានយ៉ាងល្អផងដែរ ។

ជួបជាមួយក្រុមការងារ KBN តារាស្រីដើមទ្រូងស្អាត លី ឌីណា បានរៀបរាប់ពីជីវិតខ្លះៗរបស់នាងថា កញ្ញាជាកូនកំព្រាឪពុកម្ដាយតាំងពីអាយុ ១១ឆ្នាំមកម្ល៉េះ មានស្រុកកំណើតនៅស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ហើយកញ្ញាជាកូនទី២ក្នុងចំណោមបងប្អូន ៣នាក់ ។ មុនឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែង លី ឌីណា គឺជាអ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារចាស់ ។

លី ឌីណា បានបន្តថា នៅឆ្នាំ ២០១៦ កញ្ញា ក៏បានចាប់យកអាជីពជាតារាសម្ដែងដោយចៃដន្យ ហើយបន្ទាប់ពីចូលសិល្បៈបាន ២ឆ្នាំកន្លងមកនេះ នាងបានចូលរួមសម្ដែងក្នុងខ្សែភាពភាគជាច្រើនរឿងដូចជា រឿង «ឋានសួគ៌វណ្ណៈ» «តាមទើបជួបស្នេហ៍» «ចាំជាតិ» «កូនស្រីអ្នកនេសាទ» «ពស់កេងកង» «ភូមិគ្រឹះ ១០០ល្បិច» « សុផាត» និង រឿង «បញ្ចប់ស្នេហ៍ត្រឹមអូន» «សមុទ្រទឹកភ្នែក» ដែលទាំង ២រឿងនេះ កំពុងថតមិនទាន់ចប់នៅឡើយ ។
នៅក្នុងសាច់រឿងទាំងអស់របស់ លី ឌីណា ត្រូវបានអ្នកដឹកនាំរឿងតម្រូវឱ្យសម្ដែងបែបមនោសញ្ចេតនាផង ឆ្នាស់ផង ហើយពេលខ្លះក៏តម្រូវឱ្យនាង ដើរតួជាតួអង្គខ្មោច ជាក់ស្ដែងដូចជារឿង «ភូមិគ្រឹះ ១០០ល្បិច» ។

ស្រីស្អាត លី ឌីណា បានឱ្យដឹងទៀតថា ចាប់តាំងពីបណ្ដែតខ្លួនក្នុងវិស័យសិល្បៈរយៈពេល ២ឆ្នាំនេះ ថ្វីបើនាងនៅមិនទាន់បានល្បីឈ្មោះយ៉ាងក្ដី ក៏នាងសប្បាយចិត្តព្រោះបានសម្ដែងជាតួឯកចំនួន ២រឿងមកហើយ ដែលជាហេតុធ្វើឱ្យនាងសង្ឃឹមថា នឹងឆក់បានឱកាសល្បីល្បាញនាងពេលឆាប់ៗខាងមុខនេះ ។

ស្ថិតនៅក្នុងទឹកមុខញញឹម ស្រីស្អាតខាងលើនេះ ក៏បានបង្ហើបពីជីវិតផ្ទាល់ខ្លួន ឱ្យក្រុមការងារយើងដឹងថែមទៀតថា ក្រោយពីនាងបានក្លាយជាតារាសម្ដែង គឺមានបុរសៗជាច្រើនទាំងចាស់ ទាំងក្មេង តាមសុំស្នេហ៍ពីនាង ប៉ុន្តែនាងបដិសេធ ព្រោះមិនចង់បានស្នេហាដែលខុសតម្រាឡើយ ដោយនាងចាត់ទុកថា អ្នកទាំងនោះព្យាយាមតាមញ៉ែនាងគ្រាន់តែលេងសើចប៉ុណ្ណោះ ។

កញ្ញា លី ឌីណា បានបញ្ជាក់ផងដែរថា បុរសដែលនាងប្រាថ្នាជាដៃគូរួមជីវិតនាថ្ងៃអនាគត់ លុះត្រាតែបុរសនោះ ជាបុរសចិត្តស្មោះ និងមានទ្រព្យសម្បត្តិសមគួរអាចចិញ្ចឹមបីបាច់នាងបានរស់ស្រួល ប៉ុន្តែបើគ្រាន់តែជាមនុស្សប្រុសមានជីវភាពខ្វះមុខខ្វះក្រោយ ហើយចង់មកពឹងផ្អែកលើនាងនោះ គឺនាងមិនព្រមទទួលយកជាដាច់ខាត ។
សូមបញ្ជាក់ថា ក្រៅពីមានអាជីពជាតារាសម្ដែង កញ្ញា លី ឌីណា ក៏ជាអាជីវករលក់សម្លៀកបំពាក់នៅផ្សារចាស់ផងដែរ ៕
សហការី KBN
ផ្ដល់សិទ្ធដោយ៖ លី ឌីណា